អង់គ្លេស ដាក់ទណ្ឌកម្មថ្មីលើវិស័យយោធា និងហិរញ្ញវត្ថុរបស់រុស្ស៊ី

Posted By: RoogRog Robot | 20-May-2025 14:11:01

2025-05-20 09:05pm

(ឡុងដ៍)៖ ចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មថ្មីយ៉ាងទូលំទូលាយ សំដៅលើវិស័យយោធា ថាមពល និងហិរញ្ញវត្ថុរបស់រុស្ស៊ី នៅថ្ងៃអង្គារ ទី២០ ខែឧសភា ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូ ដោយមានការសម្របសម្រួលជាមួយសហភាពអឺរ៉ុប ដែលទើបតែបានប្រកាសវិធានការស្រដៀងគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា ទណ្ឌកម្មលើគោលដៅថ្មីចំនួន ១០០ នេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូនដ៏ធំរបស់រុស្ស៊ីកាលពីចុងសប្តាហ៍មុន ប្រឆាំងនឹងទីក្រុងនានារបស់អ៊ុយក្រែន។ វិធានការថ្មីផ្តោតលើខ្សែសង្វាក់ផ្គត់ផ្គង់ប្រព័ន្ធអាវុធរុស្ស៊ី រួមទាំងមីស៊ីល Iskander, ប្រតិបត្តិការព័ត៌មានមិនពិតដែលឧបត្ថម្ភដោយវិមានក្រឹមឡាំង និងស្ថាប័នហិរញ្ញវត្ថុដែលជួយរុស្ស៊ីគេចពីទណ្ឌកម្ម ព្រមទាំងទីភ្នាក់ងារធានារ៉ាប់រងប្រាក់បញ្ញើរុស្ស៊ី។

នាវាចំនួន ១៨គ្រឿងក្នុង <<កងនាវាស្រមោល>> ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះផងដែរ។ បុគ្គលដែលពាក់ព័ន្ធនឹងកងនាវានេះ រួមទាំងជនជាតិអង់គ្លេសម្នាក់ដែលទិញកប៉ាល់ និងប្រធានក្រុមនាវាដឹកប្រេងរុស្ស៊ីពីររូប ក៏ត្រូវបានដាក់ទណ្ឌកម្មដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងមេដឹកនាំសហភាពអឺរ៉ុប បានរួមគ្នាអំពាវនាវឲ្យរដ្ឋបាលលោក ត្រាំ ចូលរួមដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង បន្ទាប់ពីកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃចន្ទ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់។ អង់គ្លេសក៏កំពុងធ្វើការជាមួយដៃគូ ដើម្បីជំរុញការបញ្ចុះតម្លៃអតិបរមា ៦០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរុស្ស៊ីបន្ថែមទៀត។

គួរបញ្ជាក់ថា ការសម្របសម្រួលទណ្ឌកម្មរវាងអង់គ្លេស និងសហភាពអឺរ៉ុប មានគោលដៅបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីកាត់បន្ថយសមត្ថភាពរបស់ខ្លួនក្នុងការបន្តសង្គ្រាមនៅអ៊ុយក្រែន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...