ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ដំណោះស្រាយនៅក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់

Posted By: RoogRog Robot | 20-May-2025 06:59:05

2025-05-20 01:57pm

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ដំណោះស្រាយនៅក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD) ដែលមានទីតាំងស្ថិតនៅផ្លូវ២៧២ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។

ក្រសួងបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោយទទួលបានដំណឹងអំពីការតវ៉ារបស់បងប្អូនកម្មករនិយោជិតចំពោះការប្តូរទីតាំងថ្មី របស់ក្រុមហ៊ុន ក្រសួងបានចុះសម្របសម្រួលករណីនេះ ដោយសម្រេចបានកិច្ចព្រមព្រៀងមួយគឺ ក្រុមហ៊ុននឹងធ្វើការទូទាត់ផ្តាច់កិច្ចសន្យាការងារដល់បងប្អូនកម្មករនិយោជិតដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ក្រុមហ៊ុនបានឯកភាព ទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ ដូចខាងក្រោម៖

១៖ ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២៖ ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣៖ ប្រាក់បំណាច់ជួសការជូនដំណឹងមុន ៤៖ ប្រាក់បំណាច់អតីតភាពការងារ។

ក្នុងន័យនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ (COLOR STAR (CAMBODIA) PRODUCT CO., LTD) ជឿជាក់និងរង់ចាំការដោះស្រាយរបស់ ក្រសួង ចៀសវាងការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ដែលជាបទល្មើសព្រហ្មទណ្ឌ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...