(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសចែកកូនឈើចម្រុះជាង ៣លានដើម ក្នុងនោះកូនត្នោតប្រមាណ ១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ <<ពន្លកបៃតង>> នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ការប្រកាសបែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី <<មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្ម ប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាព>>។
លោករដ្ឋមន្រ្តី បានបន្តថា ការរៀបចំពិព័រណ៍ និងចែកកូនឈើនៅឆ្នាំនេះ នឹងរៀបចំធ្វើឡើង អធិកអធមជាងឆ្នាំមុន ដោយមានការអញ្ជើញជាអធិបតីភាពពីសម្តេចធិបតីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ កម្មវិធីនេះនឹងរៀបចំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ។
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ ដើម្បីអាចឈានផលិតកូនឈើឱ្យបាន១០លានដើម នៅក្នង១ឆ្នាំ ដើម្បីចែកជូនបណ្តារាជធានីខេត្តយកទៅដាំស្របតាមរុក្ខវិធីនានា និងការដាំស្តារ ពង្រីកគម្របព្រៃឈើ។
ដើម្បីអនុវត្តយុទ្ធសាស្ត្រកម្ពុជាបៃតង និងសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន នៅ ឆ្នាំ២០៥០ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការបណ្តុះគំនិត <<ពន្លកបៃតង>> ដើម្បីជំរុញការបណ្តុះកូនឈើនៅតាមថ្នាលរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥កន្លែងធំៗ នៅខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ កូនឈើដែលក្រសួងបរិស្ថានបានបណ្តុះ និងចែកជូនសាធារណជន រួមមានប្រភេទឈើ៣ប្រភេទរួមមាន៖ ប្រភេទឈើប្រណីត ឈើហូបផ្លែ និងដើមត្នោត៕