(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដដាក់ចេញវិធានការម៉ឺងម៉ាត់លើការងារបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្សព្វផ្សាយអប់រំ ដើម្បីកុំឲ្យករណីក្មេងទំនើងងើបឡើងវិញក្នុងមូលដ្ឋាន។
ក្នុងកិច្ចសម្ភាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើការកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សភាពការណ៍ក្មេងទំនើងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវគ្រប់គ្រងបានទាំងស្រុងមិនមានការបង្កការអុកឡុក ឬប្រើប្រាស់អំពើហិង្សាកើតឡើងឡើយ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ស្ថានភាពនៃការស្ងប់ស្ងាត់របស់ក្រុមក្មេងទំនើងនេះ ដោយសារការដាក់ចេញវិធានការចំគោលដៅ និងមានប្រសិទ្ធភាពរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ផ្អែកតាមរបាយការណ៍ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៣៦ករណី ឃាត់ខ្លួនមនុស្ស៣៦៦នាក់ ក្នុងនោះរួមមាន៖
* ហិង្សាកាប់ប្លន់យកម៉ូតូ ចំនួន២ករណី ឃាត់ខ្លួនមនុស្ស១១នាក់* ហិង្សាកាប់វាយឲ្យរបួស ចំនួន២៨ករណី ឃាត់ខ្លួនមនុស្ស១១៧នាក់* កាប់ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ចំនួន៤ករណី ឃាត់ខ្លួនមនុស្ស១០នាក់* កាន់កាប់អាវុធខុសច្បាប់ ចំនួន២ករណី ឃាត់ខ្លួនមនុស្ស៤នាក់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងចំណោមករណីដែលបង្ក្រាបខាងលើ គឺត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយជនសង្ស័យទាំងអស់នោះក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារផងដែរ៕
សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖