ថ្នាក់ដឹកនាំកំពូល ពិភាក្សាលើចំណុចអាទិភាព សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា នៅសន្និសីទចក្ខុវិស័យកម្ពុជា

Posted By: RoogRog Robot | 04-Mar-2025 16:42:00

2025-03-04 04:37pm

(ភ្នំពេញ)៖ អូស្ត្រាលី និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សន្និសីទនេះ មានការចូលរួមពីសំណាក់មន្ត្រីរាជការ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញសេដ្ឋកិច្ចប្រមាណជាង ៥០០នាក់ ដើម្បីពិភាក្សា អំពីអាទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

គណៈប្រតិភូថ្នាក់កំពូល រួមមាន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយរដ្ឋមន្ត្រី ៣រូបទៀត រួមទាំង លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI និងលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជានេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ អ្នកចូលរួមក្នុងសន្និសីទនេះ ពិភាក្សាអំពីបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រ ក្នុងការជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជា។ សន្និសីទនេះ ក៏មានរួមបញ្ចូលនូវប្រធានបទពិភាក្សាសំខាន់ៗ ទាក់ទងនឹងរបៀបវារៈ កំណែទម្រង់ ដើម្បីធានាបាននូវកំណើន ដែលមានគុណភាពខ្ពស់ និងរយៈពេលវែង អភិបាលកិច្ចល្អ ការពង្រឹងស្ថាប័ន ការចូលរួមពីវិស័យឯកជន និងការអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ដេរិក យីប បានថ្លែងថា <<អូស្ត្រាលីមានសេចក្តីរីករាយក្នុងការគាំទ្រកិច្ចពិភាក្សាសំខាន់ៗទាំងនេះ ដើម្បីកំណត់អាទិភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន នៅកម្ពុជា។ សន្និសីទចក្ខុវិស័យកម្ពុជា គឺជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំអ្នកជំនាញ និងអ្នកមានតួនាទីធ្វើការសម្រេចចិត្តលើ គ្រប់វិស័យ ដើម្បីពិភាក្សាគ្នាលើយុទ្ធសាស្ត្រ និងមធ្យោបាយសមស្របសម្រាប់ការគាំទ្រកំណើនប្រកបដោយភាពរឹងមាំ និងភាពធន់នៅកម្ពុជា>>។

លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI បានថ្លែងថា <<កម្ពុជាកំពុងឈានដល់ ដំណាក់កាលសំខាន់មួយ ខណៈដែលកម្ពុជាកំពុងឆ្លងកាត់ស្ថានភាពមួយដែលមិនទាន់មានភាពច្បាស់លាស់។ វិទ្យាស្ថាន CDRI ប្តេជ្ញាក្នុងការបង្កើតចំណេះដឹងអភិវឌ្ឍន៍ ដែលនាំមកនូវឥទ្ធិពល និងផលជះជាវិជ្ជមានដែលរួមចំណែកដល់វិបុលភាពយូរអង្វែងរបស់កម្ពុជា តាមរយៈការស្រាវជ្រាវគោលនយោបាយ ការអភិវឌ្ឍសមត្ថភាព និងវេទិកាកិច្ចពិភាក្សារវាងវិស័យផ្សេងៗ ប្រកបដោយអត្ថន័យនិងខ្លឹមសារ ដូចជា សន្និសីទចក្ខុវិស័យកម្ពុជាជាដើម>>។

សន្និសីទប្រចាំឆ្នាំនេះ គឺជាព្រឹត្តិការណ៍ពិភាក្សាគោលនយោបាយដ៏មានសារៈសំខាន់មួយ នៅក្នុងប្រទេសកម្ពុជា។ សន្និសីទនេះ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់អំពីបញ្ហាសំខាន់ៗក្នុងប្រទេស ក៏ដូចជាកំណត់ទិសដៅគោលនយោបាយអភិវឌ្ឍន៍។

វិទ្យាស្ថាន CDRI បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់អូស្រ្តាលី ដែលមានឈ្មោះថា កម្មវិធី ភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីរៀបចំសន្និសីទនេះឡើង។ ការសហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី និងវិទ្យាស្ថាន CDRI ក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំសំខាន់ៗពីកម្ពុជា អាស៊ី និងតំបន់ដទៃទៀត ដើម្បីជំរុញកិច្ចសន្ទនាគោលនយោបាយមួយ ដែលគាំទ្រដល់កំណើន ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...