វិមានក្រឹមឡាំង៖ កិច្ចពិភាក្សាជុំបន្ទាប់រវាងរុស្ស៉ី និងអាមេរិកជុំវិញសង្រ្គាមនៅអ៊ុយក្រែន មិនទាន់កើតឡើងឆាប់ៗទេ

Posted By: RoogRog Robot | 04-Mar-2025 16:24:14

2025-03-04 04:17pm

(មូស្គូ)៖ វិមានក្រឹមឡាំង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ជុំបន្ទាប់នៃកិច្ចពិភាក្សារវាងរុស្ស៉ី និងសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទំនងជាមិនកើតឡើងទេ មុនពេលស្ថានទូតនៃប្រទេសទាំងពីរ ធ្វើប្រតិបត្តិការជាប្រក្រតីឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ ២០២៥។

នេះជាការបញ្ជាក់របស់ លោក Dmitry Peskov ដែលជាអ្នកនាំពាក្យរបស់លោក ពូទីន ប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA ដែលសួរថាតើកិច្ចចរចាផ្សេងទៀត អាចចាប់ផ្តើមមុនស្ថានទូតនៃប្រទេសទាំងពីរ ធ្វើប្រតិបត្តិការជាប្រក្រតីឡើងវិញឬអត់?។ លោក Peskov បានឱ្យដឹងទៀតថា វាលឿនពេកក្នុងការនិយាយថា កិច្ចពិភាក្សាជុំបន្ទាប់អាចកើតឡើង។

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ ក្រុមមន្រ្តីរុស្ស៉ី និងអាមេរិកបានពិភាក្សាគ្នាជាច្រើនម៉ោង នៅក្នុងប្រទេសតួកគី ដោយផ្តោតលើការស្តារទំនាក់ទំនង និងការធ្វើប្រតិបត្តិការជាធម្មតាឡើងវិញ នៃស្ថានទូតនៃប្រទេសទាំងពីរ។ រុស្ស៉ី កាលពីសប្តាហ៍មុន ក៏បានឱ្យដឹងដែរថា ខ្លួនកំពុងបញ្ជូនឯកអគ្គរដ្ឋទូតថ្មីទៅកាន់ទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែគេមិនទាន់ច្បាស់ទេ ថាតើពេលណាទើបស្ថានទូតប្រទេសទាំងពីរ នឹងចាប់ផ្តើមដំណើរការការងារពេញលេញ ឡើងវិញ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...