សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ព្រះត្រៃបីដក និងវចនានុក្រម ចំនួន១៩៣៦ក្បាលដល់សាលាគណ ១៥ខេត្តនៅកម្ពុជាក្រោម

Posted By: RoogRog Robot | 04-Mar-2025 16:01:15

2025-03-04 03:57pm

(វៀតណាម)៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ បានជាវគម្ពីព្រះត្រៃបីដក បាលី-ប្រែ និងវចនានុក្រម សរុបចំនួន១៩៣៦ក្បាល ជូនដល់សាលាគណចំនួន១៥ នៃខេត្តចំនួន១៥នៅកម្ពុជាក្រោម ដើម្បីតម្កល់ទុកជាឧត្តមប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលនេះជាអំណោយផ្នែកធម្មទានដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរកម្ពុជាក្រោម។

គម្ពីព្រះត្រៃបីដក បាលី-ប្រែ និងវចនានុក្រម ដែលជាអំណោចរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានដឹកនាំយកមកប្រគល់ជូនដល់សាលាគណទាំង១៥ ដោយលោក សាន សាង ទីប្រឹក្សាសម្ដេចតេជោ ប្រធានព្រឹទ្ធសភាឋានៈស្មើរដ្ឋមន្រ្តី និងក្រុមការងារ ព្រមជាមួយតំណាងរបស់លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

ពិធីប្រគល់គម្ពីព្រះត្រៃបីដក បាលី-ប្រែ និងវចនានុក្រម ធ្វើឡើងដោយមានការទទួលផ្ទាល់ពីព្រះឧបជ្ឈាយ៍ ជោតប្បសាទោ ថាច់ វ៉ាយ អនុប្រធានអចិន្ត្រៃយ៍ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តត្រាវិញ (ព្រះត្រពាំង) ព្រះចៅគ្រូអធិការវត្តពោធិសាលរាជ (កំពង់) ក្រុងត្រាវិញ។ នៅការិយាល័យព្រះពុទ្ធសាសនា គណៈមហានិកាយ សាលាគណខេត្តត្រាវិញ (ព្រះត្រពាំង) សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តត្រាវិញ ដែលមានទីតាំងស្ថិតនៅវត្តពោធិសាលរាជ (កំពង់) នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ក្រោយទទួលបាននូវធម្មទានដ៏វិសេសវិសាល មិនធ្លាប់មានបែបនេះនៅក្នុងទឹកដីកម្ពុជាក្រោម ព្រះឧបជ្ឈាយ៍ ជោតប្បសាទោ ថាច់ វ៉ាយ តំណាងឱ្យសាលាគណៈទាំង១៥ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងធម្មការ និងសាសនា ដែលបានគិតគូដល់ព្រះពុទ្ធសាសនានៅកម្ពុជាក្រោម ដែលខ្វះខាតក្បួនសិក្សារៀនសូត្រ ជាពិសេសគឺអក្សសាស្រ្តខ្មែរនេះតែម្ដង។ ជំនួយនេះមានតម្លៃក្នុងការចូលរួមេអភិរក្ស និងថែរក្សាអ្វីដែលជាកេរិ៍តំណែលរបស់ដូចតាដែលបានបន្សល់ទុកមក។

ព្រះឧបជ្ឈាយ៍ ជោតប្បសាទោ ថាច់ វ៉ាយ បានសន្យាថា នឹងធ្វើយ៉ាងណាឱ្យវិស័យសិក្សារបស់ព្រះសង្ឃខ្មែរនៅកម្ពុជាក្រោមនេះ កាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដើម្បីឱ្យគេដឹងថាខ្មែរនៅទីនេះ ក៏មានការសិក្សា និងទទួលបានការគាំទ្រពីសំណាក់ខ្មែរទាំងឡាយ។

សូមជម្រាបថា គម្ពីព្រះត្រៃបីដក បាលី-ប្រែ និងវចនានុក្រម ដែលជាធម្មទានរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ មានដូចជា ព្រះតៃបិដកចំនួន ១៥ឈុត ស្មើនឹង១៦៥០ក្បាល និងវចនានុក្រមចំនួន២៨៦ក្បាល គឺជាធម្មទានដំបូងគេ និងធំបំផុតមិនធ្លាប់មានឡើយ ដែលសាលាគណខេត្តទាំង១៥ នៅកម្ពុជាក្រោម អាចបានទទួលក្នុងចំនួនដ៏ច្រើនបែបនេះ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...