(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហាញពីបំណងចង់ឃើញនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ធ្វើជាគំរូដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ។ លោកជំទាវបណ្ឌិត ក៏បានជំរុញដល់និស្សិតជយលាភីទាំងអស់ យកពេលវេលាខិតខំរៀនសូត្រ ខិតខំស្រាវជ្រាវ និងកុំធ្វើអ្វីដែលបំពានដល់ច្បាប់ និង បទបញ្ញាតិនានារបស់សាកលវិទ្យាល័យ ដែលខ្លួនសិក្សាផងដែរ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ ជិត ២ ០០០នាក់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា <<យើងត្រូវធ្វើជាគំរូដ៏ល្អ សម្រាប់ក្មេងៗជំនាន់ក្រោយតទៅទៀត។ ប្អូនៗ នៅមានប្អូនទៀត នៅមានកូនទៀត ពីព្រោះបងឃើញ មានអតីតនិស្សិតអាហារូបករណ៍របស់យើង គាត់រៀនចប់ហើយ គាត់នៅសុំអាហារូបករណ៍ឲ្យប្អូនៗគាត់ទៀត ជួនកាលក្មួយគាត់ទៀត។ ដូច្នេះ បើយើងមិនធ្វើគំរូឲ្យល្អទេ បងក៏ពិបាកផ្តល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយដែរ>>។
ជាថ្មីម្តងទៀត លោកជំទាវបណ្ឌិត បានផ្តល់អនុសាន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត ទាំងអស់ត្រូវមានក្រមសីលធម៌ ឥរិយាបទថ្លៃថ្នូរ គោរពផ្តល់តម្លៃដល់អ្នកជិតខាង ក៏ដូចគោរពច្បាប់ និង បទបញ្ញាតិនានារបស់សាកលវិទ្យាល័យ ព្រមទាំងមានការការចូលរួមសកម្មភាពស្ម័គ្រចិត្តក្នុងសង្គម សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយសមាគមសិស្សនិស្សិតអាហារូបករណ៍ អ.ម.ត មានដូចជា ការចូលរួមសិក្ខាសាលា, ទស្សនកិច្ចសិក្សា, វគ្គបណ្តុះបណ្តាលខ្លីៗ, សកម្មភាពសង្គម និងសកម្មភាពស្ម័គ្រចិត្តជាច្រើនទៀត៕