លោក សំ លាងទ្រី ណែនាំមន្ត្រីត្រូវពង្រឹងគុណភាពការងារសាងសង់ផ្លូវ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង

Posted By: RoogRog Robot | 01-Mar-2025 09:41:13

2025-03-01 04:39pm

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានណែនាំដល់ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ ត្រូវយកចិត្តទុកដាក់លើការងារពង្រឹងគុណភាពផ្លូវ ពិសេសកម្រាស់ផ្លូវ ត្រូវធ្វើទៅតាម ស្តង់ដារបទដ្ឋានបច្ចេកទេស ដើម្បីឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង បើផ្លូវកម្រាស់២តឹក គឺត្រូវធ្វើឱ្យគ្រប់២តឹក ឫលើស២តឹក មិនអាចធ្វើមិនគ្រប់កម្រាស់២តឹកបានទេ។

លោកបញ្ជាក់យ៉ាងច្បាស់ថា ក្នុងករណីរកឃើញមានមន្ត្រីកេងប្រវ័ញ្ចលក្ខណៈបច្ចេកទេសលើការងារសាងសង់ផ្លូវ គឺមន្ត្រីនោះត្រូវតែទទួលខុសត្រូវទាំងស្រុងតាមនិតិវិធីច្បាប់ផ្សេងៗ ដោយលោកសង្កត់ធ្ងន់ថា បញ្ហាគុណភាពផ្លូវជាបញ្ហាចម្បងសំខាន់បំផុតសម្រាប់រូបលោក។

លោក សំ លាងទ្រី ថ្លែងបែបនេះក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា <<អ្វីដែលជាការណែនាំរបស់លោក មិនមែនបានន័យថាមន្ត្រីរបស់លោកបាននឹងកំពុងកេងប្រវ័ញ្ច ឫធ្លាប់កេងប្រវ័ញ្ចលក្ខណៈបច្ចេកទេសក្នុងការធ្វើផ្លូវ បណ្តាលឱ្យផ្លូវគ្មានគុណភាពនោះទេ តែនេះជាការដាស់តឿនបន្ថែមទៀត និងចង់លុបបំបាត់នូវពាក្យដែលគេតែងនិយាយបែបលេងសើច បែបចំអកឡកឡឺយ <<ចាស់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់>> ហើយលោកក៏មានជំនឿជឿជាក់យ៉ាងច្បាស់ថា មន្ត្រីទាំងអស់របស់លោកក៏មិនមានគំនិតបែបនេះដែរ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានថ្លែងឱ្យដឹងទៀតថា ដោយអនុវត្តន៍តាមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ ជួសជុល ថែទាំ ផ្លូវថ្នល់ដែលគ្រប់គ្រងដោយមន្ទីរធ្វើយ៉ាងណាមិនឱ្យមានគ្រលុក សំបុកមាន់នោះទេ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានរួមសហការសាមគ្គីគ្នាបានយ៉ាងល្អ ខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ធ្វើឱ្យការងាររបស់មន្ទីរទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...