Fresh News ត្រូវបានក្រសួងការបរទេសជប៉ុន អញ្ជើញទស្សនកិច្ច និងផ្លាស់ប្តូរព័ត៌មាន​រយៈ​ពេលមួយសប្តាហ៍នៅតូក្យូ និងអូសាកា

Posted By: RoogRog Robot | 01-Mar-2025 20:15:29

2025-03-01 08:13pm

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក​អង្គភាពព័ត៌មាន Fresh News នោះ លោក វ៉ាន់ សារាយ នឹងអញ្ជើញបំពេញទស្សនកិច្ច​រយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោមការ​អញ្ជើញ និងរៀបចំដោយក្រសួងការបរទេសជប៉ុន។

ដំណើរទស្សនកិច្ចពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក វ៉ាន់ សារាយ នឹងរៀប​ចំទស្សនកិច្ចនៅទីក្រុងតូក្យូ និងខេត្តអូសាកា។ ទស្សនកិច្ចនៅប្រទេសនាពេលនេះ លោក វ៉ាន់ សារាយ ត្រូវបានរៀបចំឱ្យមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន, អ្នកសារព័ត៌មាន NHK របស់ជប៉ុន, មន្ត្រីជាន់ខ្ពស់របស់ជប៉ុនទទួលបន្ទុកកិច្ចការអាស៊ី​អាគ្នេយ៍, មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គ​ការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។

ក្នុងដំណើរទៅកាន់ប្រទេសជប៉ុននាពេលនេះ លោក វ៉ាន់ សារាយ ក៏ត្រូវបានរៀបចំឱ្យ​ជួប​ជាមួយ​និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសជប៉ុន, ទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេក​វិទ្យា​ផ្នែកសិកម្ម (Sagri Co., Ltd), ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកទូរគមនាគមន៍ (NTT Network Operation Center) ដែលជាក្រុមហ៊ុនធ្លាប់មានកិច្ចសហប្រតិបត្តិការជួយ​ដល់​ការរៀបចំមជ្ឈទិន្នន័យរបស់ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ និងទស្សនកិច្ចនៅ​កំពង់ផែកូបេ ដែលជាកំពង់ផែមានកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុង​ព្រះ​សីហ​នុផងដែរ។

លោក វ៉ាន់ សារាយ ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនលើកទី១នៅឆ្នាំ២០១៦ ក្រោម​​​កម្មវិធី JENESYS។ ដំណើរទស្សនកិច្ចលើកទី២នៅប្រទេសជប៉ុននាពេលនេះ លោក វ៉ាន់ សារាយ បានបង្ហាញនូវក្តីសោមនស្សជាខ្លាំង ដោយរំពឹងថា តាមរយៈព័ត៌​មាន​ផ្សេងៗដែលលោកទទួលបានក្នុងដំណើរទស្សនកិច្ចនេះ នឹងត្រូវផ្សព្វផ្សាយទូលំទូលាយ ចូលរួមចំណែកពង្រីកការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាអំពីប្រទេសជប៉ុន។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ​១៩៥៣។ មកដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ៧២ឆ្នាំហើយ។ ទំនាក់ទំនងកម្ពុជា និងជប៉ុន ត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។

ទំនាក់ទំនង ត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុតមួយ គឺក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយនៅឆ្នាំ២០២៣ ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជប៉ុន ជា​ប្រទេស​មួយ ដែលបានខិតខំរួមចំណែកដល់ដំណើរការស្វះស្វែងរកកិច្ចព្រម​ព្រៀងសន្តិភាពនៅកម្ពុជា និងជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមក​កម្ពុជា ក្រោយកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១)។ នេះជាការបញ្ជូនកម្លាំងរក្សាសន្តិភាពជាលើកដំបូងរបស់ជប៉ុន ចេញទៅក្រៅប្រទេស។

រាប់ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសជប៉ុន គឺជាប្រទេសឈានមុខ​គេ​មួយ ដែលបានចូលរួមចំណែកក្នុងកិច្ចកសាង និងអភិវឌ្ឍន៍កម្ពុជា ចេញពីសំណល់​នៃ​ភ្លើងសង្គ្រាម។

ចាប់ពីឆ្នាំ១៩៩២មក ជប៉ុន បានផ្តល់ហិរញ្ញប្បទានសរុបជាង ៥ពាន់លានដុល្លារអាមេរិក គាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានជិត ៤ពាន់​លាន​ដុល្លារ និងឥណទានសម្បទានប្រមាណជា ២ពាន់លានដុល្លារ។

ជំនួយរបស់ជប៉ុណ បានជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធរំដោះទឹក​រាជ​ធានីភ្នំពេញ ប្រព័ន្ធធារាសាស្ត្រ ការកសាងធនធានមនុស្ស ការជួសជុលប្រាសាទ និងវិស័យដទៃជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន ពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី តែងបានលើកឡើងថា ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្តាច់ពីការជួយជ្រោមជ្រែងរបស់ជប៉ុនបាននោះឡើយ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...