(ភ្នំពេញ)៖ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បង្ហាញពីមរតកដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នយោបាយទឹក ដែលបានធ្វើឱ្យប្រទេសកម្ពុជាមាន អាងទឹកតូចធំជាច្រើន ប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសមានទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងប្រមាណ ៤,០០០លានម៉ែត្រគូប ដែលអាចឱ្យកសិករមានទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលនារដូវប្រាំងនាពេលកន្លងមក។
ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ <<ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា>> ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានមានប្រសាសន៍បែបនេះថា៖ <<ក្នុងអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជរាណាចក្រកម្ពុជា លោកបានកសាងច្រើនណាស់ លោកបានសាងនូវអាងទឹកធំៗទូទាំងប្រទេស គឺមានចំនួន ៨អាងទឹករួចមកហើយ នៅក្នុងនោះតូចបំផុតក៏មានទឹកតិចបំផុត ២៥លានម៉ែត្រគូប ក្នុងមួយអាង រហូតដល់អាងខ្លះមានប្រមាន ៣០០លានម៉ែត្រគូប ក្នុងមួយអាង>>។
លោករដ្ឋមន្រ្តីបានបន្តថា៖ <<សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានក៏សាងបន្ទាប់ពីអាងទឹកនោះគឺ ប្រព័ន្ធធារាសាស្រ្ត ដែលប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសយើង ដែលយើងមានរហូតដល់សព្វថ្ងៃនេះមានជាង២,០០០ប្រព័ន្ធរួចមកហើយ។ នៅក្នុងនោះមានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មានប្រព័ន្ធធារាសាស្រ្តខ្នាតកណ្ដាល និងប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដែលខ្នាតតូចនោះគឺយើងអាចស្រោចស្រពពី២០០ ទៅដល់៥០០០ហិកតា ហើយខ្នាតមធ្យមគឺ៥០០ហិកតាឡើង។ នេះគឺជាស្នាដៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំនៅក្នុងអាណត្តិរបស់លោកកន្លង>>។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២,៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១,១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១,១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ (អាងទឹកសរុបប្រមាណ១,៥០០អាង) ក្នុងនោះប្រព័ន្ធធារាសាស្រ្តមានប្រវែងសរុបប្រមាណ ៧0,០០០គីឡូម៉ែត្រ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១,៩៦៩,៨៤៣ហិកតា៕