(ហ្កាហ្សា)៖ ស្របពេលដែលដំណាក់កាលទីមួយនៃបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់នៅតំបន់ហ្កាហ្សាមកដល់ពេលបញ្ចប់ ការចរចានៅដំណាក់កាលទីពីរដែលមានបំណងធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍មកទល់ពេលនេះ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងគែរ ហើយអ្នកសម្រុះសម្រួលអេហ្ស៉ីបនិយាយថា មានកិច្ចពិភាក្សាយ៉ាងស៉ីជម្រៅនៅដំណាក់កាលទីពីរ ជាមួយនិងវត្តមានប្រតិភូមកពីកាតា និងអាមេរិក។
ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) មិនមានសញ្ញានៃការឯកភាពគ្នាទេ ហើយអ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា ក្រុមរបស់ខ្លួនបានច្រានចោលការបន្តបទឈប់បាញ់ ដោយសារតែសំណេីរបស់អ៉ីស្រាអែល។
មន្រ្តីប៉ាឡេស្ទីនម្នាក់ ប្រាប់ AFP ថាអ៉ីស្រាអែលស្នេីពន្យារពេលបទឈប់បាញ់ដំណាក់កាលទី ១ មួយសប្តាហ៍ទៀត ក្នុងគោលបំណងដោះដូរចំណាប់ខ្មាំង-អ្នកទោស។ ចំណែកក្រុមហាម៉ាស់វិញ បានជំរុញឱ្យមានដំណាក់កាលទី ២ បន្ទាប់ពីក្រុមរបស់ទទួលរងការខាតបង់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសង្គ្រាមដ៏បំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៤២ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា។ សង្រ្គាមជាង ១៥ខែបង្កឡើងដោយសារតែការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែលសម្លាប់មនុស្សជាង ១ ២០០នាក់។ ក្នុងចំណោមចំណាប់ខ្មាំងអ៉ីស្រាអែល ២៥១នាក់ ដែលត្រូវក្រុមហាម៉ាសចាប់ខ្លួនអំឡុងការវាយប្រហារនោះ គឺមាន ៥៨នាក់នៅសល់ក្នុងដៃក្រុមហាម៉ាស៕