(ព្រះវិហារ)៖ ស្ពានឈើ១កន្លែងប្រវែង៥៥ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលចំណាយថ្លៃសាងសង់ជិត១៦លានរៀល ស្ថិតនៅភូមិបុះ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីស្ពាននេះបានសាងសង់រួចរាល់ជាស្ថាពរ។
ពិធីសម្ពោធស្ពាននេះស្ថិតក្រោមវត្តមានលោក ហ៊ួ គា ប្រធានមន្ទីរឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានវានុវត្ត ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំភ្នំពេញ ស្រុកគូលែន និងលោក ជា ចាន់ អភិបាលរងស្រុកគូលែន និងជាប្រធានក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
បើតាមរបាយការណ៍របស់អាជ្ញាធរឃុំភ្នំពេញបានរៀបរាប់ឱ្យដឹងថា ស្ពានឈើដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មានបណ្តោយប្រវែង៥៥ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ។ស្ពាននេះបានផ្តួចផ្តើមសាងសង់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយសហគមន៍ក្នុងមូលដ្ឋានផ្ទាល់ និងបញ្ចប់ការសាងសង់ជាស្ថាពរនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបអស់ចំនួន១៥,៧៥០,០០០រៀល។
លោក ហ៊ួ គា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ពិសេសប្រជាពលរដ្ឋក្នុងឃុំភ្នំពេញ ស្រុកគូលែន ទាំងអស់ផងដែរ។
លោក ហ៊ួ គា ក៏បានថ្លែងនូវការចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងសហគមន៍ភូមិបុះ ឃុំភ្នំពេញ ដែលបានរួមសាហការគ្នាសាងសង់ស្ពានឈើមួយខ្សែនេះរួចរាល់ជាស្ថាពរ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗផងដែរ។លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាស្ពាននេះប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង៕