រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសប្រារព្ធពិធីបុណ្យកោងកាងជារៀងរាល់ឆ្នាំ ដើម្បីជំរុញលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃកោងកាង និងបរិស្ថាននៅកម្ពុជា

Posted By: RoogRog Robot | 01-Mar-2025 10:16:44

2025-03-01 05:15pm

(កោះកុង)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា ពិធីបុណ្យកោងកាងនឹងរៀបចំជារៀងរាល់ឆ្នាំជារៀងតទៅ បន្ទាប់ពីធ្វើជាដំបូងនៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីជំរុញលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃកោងកាង និងបរិស្ថាននៅកម្ពុជា។

ក្នុងឱកាសចូលរួមជាអធិបតីភាពបើកពិធីបុណ្យ <<កោងកាងសន្តិភាព>> នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត បានចាត់ទុកការរៀបចំពិធីបុណ្យ <<កោងកាងសន្តិភាព>> នាពេលនេះ គឺកើតចេញពីឆន្ទៈ និងទំនៀមទម្លាប់របស់ប្រជាសហគមន៍នេសាទតំបន់ការពារធម្មជាតិកោះស្រឡៅ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៥មកម៉្លេះ។

ការធ្វើនេះ គឺដើម្បីដាំស្តារ បំបួសដើមកោងកាង និងរំលឹកគុណដើមកោងកាង ដែលបានផ្តល់ប្រយោជន៍ដ៍មហិមាដល់សហគមន៍មូលដ្ឋាន ការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងប្រព័ន្ធជីវៈចម្រុះ ជាពិសេស គឺការចូលរួមចំណែកយុទ្ធនាការ <<ពន្លកបៃតង>> របស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។ ការរៀបចំ <<ពិធីបុណ្យកោងសន្តិភាព>> នាពេលនេះនឹងចូលរួមចំណែកក្នុងការគ្រប់គ្រង ការពារព្រៃកោងកាង និងធនធានជីវៈចម្រុះតំបន់ឆ្នេរដ៏មានតម្លៃរបស់ជាតិយើង ដើម្បីប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន តាមរយៈការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ។

លោករដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាសហគមន៍ដែលចូលរួមពិធីបុណ្យនេះថា ព្រៃកោងកាង គឺជាទីជម្រកដ៏សម្បូរបែបសម្រាប់ពពួកសត្វព្រៃ ជាកន្លែងពងកូនរបស់ពពួកមច្ឆាជាតិ និងប្រភេទថនិកសត្វផ្សេងទៀត។ ព្រៃកោងកាង គឺជាប្រភពចំណូលរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបរិស្ថាន ដែលឆ្លើយតបទៅនឹងមុំសរសរស្តម្ភ ទាំងបីរបស់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺ <<ភាពស្អាត ភាពបៃតង និងចីរភាព>>។

ពិធីបុណ្យ <<កោងកាងសន្តិភាព>> ធ្វើឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន, ២. ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន, ៣. លើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដែលព្រៃកោងកាងមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ, និង៤. ផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេសព្រៃកោងកាង ក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព។

សកម្មភាពសំខាន់ៗនៅក្នុងពិធី <<បុណ្យកោងកាងសន្តិភាព>> រួមមាន ការដាំកូនដើមកោងកាង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ នៅតំបន់ព្រៃកោងកាងដែលបានកំណត់, ការជិះទូកកម្សាន្តនិងទស្សនាព្រៃកោងកាង, និងការហែលទឹកលេងកម្សាន្ត។

លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ បានឱ្យដឹងថា ពិធីបុណ្យកោងកាងសន្តិភាព គឺជាពិធីដែលមានដើមកំណើតចេញពីប្រជានេសាទសហគមន៍ភូមិកោះស្រឡៅឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុងតាំងពីដើមឆ្នាំ២០១៥ ដែលប្រារព្ធឡើងធ្វើដើម្បីបំបួសដើមកោងកាង និងរំលឹកគុណដើមកោងកាងដែលផ្ដល់ផលប្រយោជន៍យ៉ាងមហិមាទៅដល់សហគមន៍ និងបរិស្ថាន ដូចជាជួយកែលម្អគុណភាពទឹកនិងរក្សាលំនឹងបរិស្ថាន ជាប្រភពចំណូលនិងការងារដល់សហគមន៍មូលដ្ឋាន ជាដើម។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យនេះ មានការដាំកូនដើមកោងកាងចំនួន ៣.០០០ដើមបន្ថែមទៀត លើផ្ទៃដី៣ហិកតា នៅក្នុងភូមិសាស្ត្រភូមិកោះស្រឡៅ ឃុំកោះកាពិ បន្ទាពីក្នុងឆ្នាំ២០២៤ កន្លងទៅនេះ នៅទូទាំងខេត្តកោះកុងបានដាំស្ដារព្រៃកោងការឡើងវិញបានជាងចំនួន ៥៤.៨០០ដើមរួចហើយ។

ប្រទេសកម្ពុជា មានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជាង៧ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ក្នុងនោះខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង ៤ម៉ឺនហិកតា។

ព្រៃកោងកាង ជាជម្រក និងកន្លែងរកចំណីនៃសត្វមានជីវិតដូចជាត្រី សត្វឆ្អឹងខ្នងមានឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស និងជីវៈចម្រុះព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...