ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ បន្តចុះពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងឃុំបាក់ចិញ្ចៀន បានជិត២០០នាក់

Posted By: RoogRog Robot | 01-Mar-2025 09:41:13

2025-03-01 04:35pm

(ពោធិ៍សាត់)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដឹកនាំដោយលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងលោកស្រី ប៉ែន ភគ្តី យឹមវិសិដ្ឋ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ បានបន្តបេសកកម្មចុះពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មកពី៤ភូមិ រួមមាន៖ ភូមិចាន់សេរី ភូមិស្រែជង ភូមិក្របៅជ្រុំ និងភូមិកំពង់ខ្ទុម ក្នុងឃុំបាក់ចិញ្ចៀន បានចំនួន១៨៥នាក់ ស្រី១១៤នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវត្តស្តេចពពេច ឃុំបាក់ចិញ្ចៀន ដោយបានការចូលរួមពី លោក ហេង សុភាណា អភិបាលរងខេត្ត លោក លោកស្រីជាក្រុុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ឃុំ អាជ្ញាធរស្រុក និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំេណះសំណាល លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់។ លោកបានឱ្យដឹងថា ការចុះពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងឃុំបាក់ចិញ្ចៀននាឱកាសនេះ គឺជាលើកទី២ហើយ ខណៈដែរលើកទី១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យ និងព្យាបាលជំងឺបឋមរួចមកហើយ ជូនបងប្អូនប្រជាពលរដ្ឋយើង បានចំនួន២៣៧នាក់ លើ៥ភូមិ។

លោកប្រធានក្រុមការងារបន្តថា គិតចាប់ពីឆ្នាំ២០២៤ រហូតមកទល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ បានបន្តបេសកកម្មចុះពិនិត្យ និងព្យាបាលជំងឺបឋម ដោយឥតគិត បាន៨លើករួចមកហើយ និងបន្តសកម្មភាពមនុស្សធម៌ ទៅបណ្តាឃុំដ៏ទៃផ្សេងទៀត ក្រៅពីកិច្ចការងារអភិវឌ្ឍន៍នៅមូលដ្ឋាន។

លោក យឹម វិសិដ្ឋ បានបន្ថែមថា ការពិនិត្យ និងព្យាបាលជំងឺបឋមនេះដែរ ក៏ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយអ្វីឡើយ។ជាក់ស្តែង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដោយបានកិច្ចសហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងក្រុមយុវជន បានបន្តបេសកកម្មមនុស្សធម៌នេះ នៅបរិវេណវត្តស្តេចពពេច ឃុំបាក់ចិញ្ចៀន បានចំនួន១៨៥នាក់ ស្រី១១៤នាក់។

លោកបានបន្ថែមទៀតថា ក្នុងករណីក្រុមការងារពិនិត្យឃើញថា ស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ ទាមទារត្រូវសម្រាកព្យាបាលនោះ យើងនឹងបញ្ជូនពួកគាត់បន្តតាមការចាំបាច់ ដោយជួយសម្រាលបន្ទុកសេវាចំណាយ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ សម្រាប់សកម្មភាពមនុស្សធម៌នេះ ក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕








































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...