(ឧត្តរមានជ័យ)៖ សមរភូមិក្រោយ តែងគាំទ្រសមរភូមិមុខ! លោក កែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាលជាមួយមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានកងថ្មើរជើងលេខ៤២ កម្លាំងនគរបាលចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ប្រចាំទិសប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។
ឱកាសនេះក៏មានការទទួលស្វាគមន៍ពីសំណាក់លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ ព្រមទាំងថ្នាក់ដឹកនាំកងទ័ព និងកងទ័ពដែលកំពុងឈរជាច្រើរូបផងដែរ។
ការចុះសួរសុខទុក្ខកងទ័ព និងកងកម្លាំងនគរបាលនេះ គឺជាប្រពៃណីនៃការចុះសួរសុខទុក្ខជាប្រចាំរវាងស្ថាប័នស៉ីវិល និងអង្គភាពជួរមុខ ដែលត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាពិធីសំណេះសំណាលនោះ លោក កែវ ផុង ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ព ក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។
លោកបានបន្តថា គ្រឹះនៃការអភិវឌ្ឍរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងបន្តខិតខំកសាងបន្ថែមទៀតដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីពិភពលោកកំពុងជួបសភាពការណ៍តានតឹងខ្លាំងដោយសារនៅតាមបណ្តាប្រទេសមួយចំនួនក្តី ឬវិបត្តិសេដ្ឋកិច្ចពិភពលោក ព្រមទាំងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្ដី។
លើសពីនេះ លោក កែវ ផុង បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា ហើយនឹងឈានទៅបង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ នាពេលអនាគត។
លោកបានបន្តថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។
ទន្ទឹមនឹងនោះ កងទ័ពរបស់យើង ក៏ត្រូវមានគោលជំហរស្មោះត្រង់ចំពោះ <<ជាតិ សាសនា ព្រះមហាក្សត្រ>> និងគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ។ ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធានធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល។
ភ្ជាប់ជាមួយគ្នានេះដែរ លោក គី ភានចាយ ដែលជាសមាជិកក្រុមសេនាតេជោ សន្តិភាព បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ លោកក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស គឺប្តេជា្ញចិត្ត រាថយជាដាច់ខាតក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាកៀរគរគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានាជួយឧបត្ថម្ភគាំទ្រដល់កងទ័ពដែលកំពុងឈរជើងការពារដែនសីមាឱ្យនៅគង់វង្ស។
នាឱកាសនោះដែរ លោក កែវ ផុង ក៏បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួនជូនដល់បញ្ជាការដ្ឋានកងថ្មើរជើងលេខ៤២ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ រួមមាន៖ អង្ករ ៥តោន, មីជាតិ ៤០០កេស, ទឹកបរិសុទ្ធវីតាល់ ៤៦០កេស, ទឹកត្រី ទឹកស៉ីអ៉ីវ ៣០០យួរ ពួយ ១៥០ និងថវិកាមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ទោ តន់ ញាន និងលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស បានថ្លែងអំណរគុណចំពោះលោក កែវ ផុង ជំនួយការសម្តេចតេជោ និងប្រតិភូរួមដំណើរ ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់កងទ័ព និងគ្រួសារ ដែលបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីការគិតគូរ និងជួយសម្រួលដល់ជីវភាពកងទ័ព។
មេបញ្ជាការទាំងពីររូប បានបញ្ជាក់អំពីសកម្មភាពការងារអភិវឌ្ឍន៍នៅក្នុងអង្គភាព ការងារជួយសង្គម និងប្តេជ្ញាចិត្តរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្កាទប់ស្កាត់បទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់៕