មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គ ត្រូវខិតខំបំពេញការងារដោយប្រើនូវចំណេះ និងជំនាញប្រកបដោយការទទួលខុសត្រូវ

Posted By: RoogRog Robot | 01-Mar-2025 15:37:29

2025-03-01 03:32pm

(សៀមរាប)៖ លោក ប៉ាក់ សុខុម រដ្ឋ​លេខាធិការ និងជាប្រធានគណៈគម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គ ត្រូវខិតខំបំពេញការងារដោយប្រើចំណេះ និងជំនាញ ដែលទទួលបានពីវគ្គសិក្សា ប្រកបដោយការទទួលខុសត្រូវ។ ព្រោះវគ្គបណ្តុះបណ្តាលនេះ បានផ្តល់លទ្ធភាពដល់យើងក្នុងការស្វែងរកឱកាសការងារល្អៗ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក ប៉ាក់ សុខុម នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ដល់សិក្ខាកាមចំនួន២០០នាក់ វគ្គទី២ របស់សមាគមក្លឹបទេសចរណ៍សៀមរាប នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ វគ្គនេះមានរយៈពេល៨ខែ ដោយសិក្សាលើទ្រឹស្តីចំនួន៤ខែ និង៤ខែទៀតចុះអនុវត្តការងារផ្ទាល់ នៅតាមបណ្តាវិស័យឯកជនមួយចំនួន។

វគ្គបណ្តុះបណ្តាលនេះ ក្រោមសហរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការគាំទ្រពីក្រសួងទេសចរណ៍លើការបណ្តុះបណ្តាលគ្រូបង្គោល និងឯកសារដោយគណៈកម្មការ ហូកា និងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តសៀមរាប មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត សប្បុរសជន និងអង្គភាពអាជីវកម្មនានា។

ពិធីបិទវគ្គនេះ មានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប និងលោកស្រី ទឹម ស្រីមុំ ប្រធានផ្នែកត្រួតពិនិត្យនិងវាយតម្លៃ (SDF) ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត និងតំណាងសមាគម សណ្ឋាគារ ភោជនីយដ្ឋាន ភ្ញៀវជាតិ និងអន្តរជាតិ និងលោកគ្រូ អ្នកគ្រូបង្គោល អាណាព្យាបាលចូលរួមផងដែរ។

លោក ហ្វីលីព សែតកៅ បានលើកឡើងថា <<សមាគមក្លឹបទេសចរណ៍សៀមរាប គឺលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃនិងនិរន្តរភាព>> ហើយការនេះ អាចសម្រេចទៅបានដោយសារសសរស្តមសកម្មភាព សំខាន់ៗទាំង៤ រួមមាន៖ ១/ ការបណ្តុះបណ្តាលជំនាញនិងកសាងសមត្ថភាព, ២/ ការប្រើប្រាស់ផ្ទាលទេសចរណ៍ឌីជីថលនិងបច្ចេកវិទ្យា, ៣/ ការបង្កើតព្រឹត្តិការណ៍និងចូលរួមគាំទ្រលើព្រឹត្តិការណ៍ទេសចរណ៍នានា និង៤/ ការគាំទ្រនិងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននានា។

លោកក៏បានស្នើឲ្យជួយផ្សព្វផ្សាយ អំពីការជ្រើសរើសសិស្សចូលរៀន ដើម្បីផ្តល់ឱកាសឲ្យប្អូនៗនៅតាមមូលដ្ឋាន ដែលមិនទាន់បានដឹងពីកម្មវិធីបង្រៀនអាហារូបករណ៍១០០%នេះ។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់ជំនាញជាក់លាក់មួយប៉ុណ្ណោះទេ តែសញ្ញាបត្រក៏ត្រូវបានទទួលស្គាល់ដោយក្រសួងទេសចរណ៍ ដែលជាគុណតម្លៃមួយមិនអាចកាត់ថ្លៃសម្រាប់សិក្ខាកាម និងជាស្ពានចម្លងដ៏សំខាន់ ដើម្បីបន្តពង្រឹងសមត្ថភាពស្របតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា (ក.គ.ជ.ក)។

លោក ប៉ាក់ សុខុម បានបន្តថា ការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ ការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍ ក៏បានដាក់ចុះនូវយុទ្ធនាការ <<បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)>> ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។

លោក ប៉ាក់ សុខុម បានណែនាំដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ឱ្យស្គាល់ច្បាស់អំពីខ្លួនឯង និងធ្វើការដឹងគុណដល់ខ្លួនឯង តាមរយៈការប្រព្រឹត្តិតែអំពើល្អ ដឹងគុណដល់មាតាបិតាអាណាព្យាបាល ដែលពួកគាត់បានបីបាច់ថែរក្សារហូតមកទើបយើងទទួលបានជោគជ័យនៅថ្ងៃនេះ ជាពិសេសដឹងគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបាននាំសុខសន្តិភាព ឱ្យមានការអភិវឌ្ឍន៍ បើគ្មានសន្តិភាពទេ យើងក៏គ្មានថ្ងៃនេះដែរ។

លោក ង៉ូវ សេងកាក់ លើកឡើងថា តាមរយៈការបណ្តុះបណ្តាលកន្លងមកនេះ សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញ ដែលលោកគ្រូ អ្នកគ្រូ បានជួយបណ្តុះបណ្តាល។ លោកបន្តថា យើងត្រូវការធនធានមនុស្សច្រើនទៀត ដើម្បីជួយទៅដល់វិស័យទេសចរ ដោយសារក្រោយកូវីដ១៩ ដែលធនធានរបស់យើងបានចាកចេញពីខេត្តសៀមរាប ទៅតាមបណ្តារាជធានី/ខេត្ត ដូច្នេះគាត់ក៏នៅជាប់កុងត្រាការងាររបស់ ដោយមិនទាន់អាចត្រឡប់មកកាន់ខេត្តសៀមរាបវិញបាន។

លោកបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ ស្ថានភាពទេសចរណ៍បានវិវត្តន៍ត្រឡប់មកគួរឲ្យកត់សម្គាល់ ដោយទទួលបានភ្ញៀវទេសចរប្រមាណជា ១លាន២ម៉ឺននាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណជា២៨ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០២៣កន្លងទៅ។ តាមពិតយើងមានផែនការទាក់ទាញអ្នកទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តសៀមរាបឲ្យបាន១២សែននាក់។ ប៉ុន្តែយើងបានប៉ុននេះ ក៏ជាការខិតខំមួយរបស់គ្រប់ភាគីពាក់ព័ន្ធ។

លោកបន្ថែមថា វិស័យនេះបានងើបឡើងវិញ ក្រោយជំងឺកូវីដ១៩ ហើយវាក៏បានបង្ហាញថា កម្ពុជា ជាពិសេសខេត្តសៀមរាប បានត្រៀមរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើវិស័យទេសចរណ៍នេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់ ដើម្បីទទួលភ្ញៀវទេសចរ ហើយក៏ជាការផ្តល់ឱកាសការងារដល់យុវជនផងដែរ៕
































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...