គណៈទន្តពេទ្យកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈ បទដ្ឋាន និងនិយាមវិជ្ជាជីវៈសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តនៅកម្ពុជា

Posted By: RoogRog Robot | 01-Mar-2025 08:25:59

2025-03-01 03:19pm

(បាត់ដំបង)៖ គណៈទន្តពេទ្យកម្ពុជាបើក សិក្ខាសាលាផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈ បទដ្ឋាននិងនិយាមវិជ្ជាជីវៈ សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តនៅកម្ពុជា ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា, លោកសាស្ត្រាចារ្យ សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់គណៈទន្តពេទ្យជាតិកម្ពុជា, លោកវេជ្ជបណ្ឌិត ចាន់ ដា វឹង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង។

សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ សុខាភិបាលភូមិភាគ ដោយមានការអញ្ជើញចូលរួម ពីទន្តបណ្ឌិតមកពីខេត្តគោលដៅនានាគឺមានខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, ពោធិ៍សាត់ និងរាជធានីភ្នំពេញប្រមាណ១៥០នាក់។

លោកទន្តបណ្ឌិត នូ ណូរ៉ា បានថ្លែងថា ទន្តបណ្ឌិតដែលបានចុះបញ្ជីការនៅក្នុងខេត្តបាត់ដំបងមានចំនួន៧១នាក់ និងខេត្តប៉ៃលិន៣នាក់ ក្នុងនោះបានផ្ទេរទៅរាជធានីភ្នំពេញ៣នាក់, ផ្ទេរទៅសៀមរាប១នាក់, ផ្ទេរទៅពោធិ៍សាត់១នាក់, ផ្ទេរទៅខេត្តកណ្ដាល១នាក់, ទទួលអនិច្ចកម្ម១នាក់ និងទន្តបណ្ឌិតដែលបានបន្តអាជ្ញាប័ណ្ណមានចំនួន៤០នាក់។

លោកវេជ្ជបណ្ឌិត ចាន់ ដាវឹង ថ្លែងឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់និងចែករំលែកនូវបទពិសោធន៍ល្អៗ និងនវានុវត្តន៍ជូនដល់សហភាតរៈទាំងអស់គ្នា ដើម្បីឱ្យសេវាព្យាបាលឆ្លើយតបនឹងការវិវត្តន៍នៃតម្រូវការសេវាថែទាំសុខភាពរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន។

លោកសាស្រ្តាចារ្យជំនួយ ប៉ូច សុភារ័ត្ន បានណែនាំដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ឱ្យគោរព និងប្រតិបត្តិតាមដែនកំណត់វិជ្ជាជីវៈ បទដ្ឋាន និងនិយាមវិជ្ជាជីវៈសម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រដែលបានដាក់ឱ្យ អនុវត្តឱ្យបានខ្ជាប់ខ្ជួន ចូលរួមលុបបំបាត់សេវាខុសច្បាប់ និងផ្ដល់សេវាជូនប្រជាពលរដ្ឋដោយផ្អែកលើលក្ខណៈវិទ្យាសាស្រ្ត គុណធម៌ សមធម៌ និងគិតគូរពីសុខមាលភាពប្រជាពលរដ្ឋជាចម្បង។

ទន្ទឹមនឹងនេះ លោកទន្តបណ្ឌិត ប៉ូច សុភារ័ត្ន បានក្រើនរំលឹកដល់អ្នកដែលមិនទាន់មានអាជ្ញាប័ណ្ណវិជ្ជាជីវៈ រួសរាន់ចុះបញ្ជិការស្នើសុំអាជ្ញាប័ណ្ណ និងបន្តអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នាដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈទន្តសាស្រ្តស្របច្បាប់។

លោកទន្តបណ្ឌិត ណែនាំអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តត្រូវព្យាយាមស្វែងយល់ពីឯកសារគតិយុត្តិនានា ជាពិសេសក្រមសីលធម៌ទន្តពេទ្យ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលមានចែងពីទោសទណ្ឌផ្សេងៗដែលបានចែងក្នុងច្បាប់ផងដែរ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...