អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ និងរដ្ឋបាលខេត្តតាកែវ រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ និងបារីអេឡិចត្រូនិក

Posted By: RoogRog Robot | 01-Mar-2025 15:18:40

2025-03-01 03:13pm

(តាកែវ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ បានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិច និង ផ្សព្វផ្សាយ App NoDrug តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់គរុសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបចំនួន២៤០នាក់ ស្រី ១៣១នាក់។

ក្នុងនាមលោក វ៉ី សំណាង អភិបាលខេត្ត, លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នា ជួយលើកកម្ពស់ ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានអនុវត្តនូវរាល់វិធានការ បទដ្ឋានគតិយុត្តិនានា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីដោះស្រាយរាល់កង្វល់ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលមកដល់បច្ចុប្បន្ននេះ មិនមានសញ្ញាថមថយទេ ហើយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជំនាន់ ពិសេសក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិក រាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោបានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ឱ្យចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់សង្គមជាតិ ហើយបានណែនាំឱ្យចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនជាការងារអាទិភាព។

ឆ្លើយតបនឹងការផ្តាំផ្ញើនេះ រួមនឹងឆន្ទៈដ៏មុតស្រួច មោះមុត និងស្វាហាប់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យចាត់គ្រប់វិធានការ ធ្វើយ៉ាងណាឱ្យគ្រឿងញៀន លែងជាបញ្ហា ឬឧបសគ្គដល់ការអភិវឌ្ឍសង្គម។

ជាមួយគ្នានោះ ការងារផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋយល់ដឹង ជាការងារអាទិភាពទី១ ព្រោះថា បើពួកគាត់បានយល់ដឹងច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន គាត់មិនត្រូវការគ្រឿងញៀននោះ នឹងអាចកាត់បន្ថយបាននូវតម្រូវការគ្រឿងញៀន។

លោកបានសំណូមពរដល់អ្នកចូលរួមទាំងអស់ ត្រូវជួយផ្សព្វផ្សាយនិងទាញយក App NoDrug ដើម្បីចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេស គឺរាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

វាគ្មិនសិក្ខាសាលានោះ គឺសាស្ត្រាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង ឧត្តមសេនីយ៍ត្រី យិន យឿត លោក ចាន់ សំអាត បានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ បច្ចេកទេសសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពនៅលើដងផ្លូវ បារីអេឡិចត្រូនិច អត្ថប្រយោជន៍ជំរុញការទាញយកប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅចូលរួមទាំងអស់គ្នាហើយអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោល ឬវាគ្មិនសម្រាប់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...