ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ព្រឹត្តិការណ៍ធំៗចំនួន២ នឹងប្រារព្ធឡើងនៅក្នុងខែកុម្ភៈនេះ

Posted By: RoogRog Robot | 05-Feb-2025 18:28:23

2025-02-05 05:24pm

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បាន​លើកឡើងថា ព្រឹត្តិការណ៍ធំៗចំនួន២ នឹងប្រារព្ធឡើងនៅក្នុងខែកុម្ភៈនេះ ក្នុងនោះមានព្រឹត្តិការណ៍ចំនួន២គឺ ពិធីឡើងមាឃ ឬឡើងអ្នកតា និងកម្មវិធីដង្ហែទីងមោងយក្ស។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ង៉ូវ សេងកាក់ នៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាបឆ្នាំ២០២៥នេះ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព ពាក់ព័ន្ធក្នុងខេត្តជាច្រើនចូលរួមផងដែរ។

លោកបានបន្តថា នៅក្នុងខែកុម្ភៈនេះ មានព្រឹត្តិការណ៍ចំនួន២គឺ ពិធីឡើងមាឃ ឬឡើងអ្នកតា និងកម្មវិធីដង្ហែទីងមោងយក្ស ដែលពិធីចាប់ត្រីរួមគ្នានេះនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលជាប្រពៃណីទំនៀមទម្លាប់មួយរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលបានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។

លោកបន្តថា ពិធីនេះ មិនត្រឹមតែបង្ហាញអំពីវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តជាបន្តបន្ទាប់ ដែលជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ ឱ្យមានការរីកចម្រើនបន្ថែមទៀត។ ពិធីចាប់ត្រីនេះ ធ្វើឡើងនៅពេលព្រឹកព្រលឹមស្រាងៗដោយប្រជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នាចុះចាប់ត្រី។

លោកបន្ថែមថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅម៉ោង៦:៣០ល្ងាច ខាងមុខ ក៏មានព្រឹត្តិការណ៍ទេសចរណ៍ មួយទៀត។ នោះគឺដង្ហែទីងមោងយក្ស ការបង្ហាញតុក្ដតាយក្ស ដើម្បីលើកស្ទួយនូវវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្សឱ្យមានការទាក់ទាញភ្ញៀវទេសចរ ដោយកន្លងមកក៏មានការដង្ហែជារៀងរាល់ឆ្នាំផងដែរ។

ដោយឡែក ប្រធានបទសម្រាប់ឆ្នាំ ២០២៥ គឺបង្កើតសិល្បៈតួរអង្គទេវកថា រាមកេរ្ត៍ ក្នុងនោះប្រភេទតួរអង្គតុក្កតា មានដូចជា៖ ទេមច្ឆា គ្រុឌ ហនុមាន នាគ តោ ព្រះគណេស នាងកន្នរី មករ អាសុរ។បន្ថែមពីនោះ ក៏មាននូវក្រុមសម្ដែង ឆៃយ៉ាំ វៃស្គរ ក្រុមស្គរដៃ និងល្ខោនហ្វាផងដែរ។

លោក ង៉ូវ សេងកាក់ បញ្ជាក់ថា នេះជាឱកាសមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ព្រមទាំងលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរផង​ដែរ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...