(ភ្នំពេញ)៖ <<ហាងនំប៉័ងសម្ដេចតាចិត្តធម៌>> ជាឈ្មោះយីហោហាងនំរបស់លោក ណន សុខហេង លើទឹកដីខេត្តក្រចេះ។ តើបងប្អូននៅចងចាំរឿងរ៉ាវរបស់លោក ណន សុខហេង ដែរទេ?
លោក ណន សុខហេង ជាអ្នកខេត្តក្រចេះ ដែលរសាត់អណ្តែតឆ្ងាយផ្ទះស៊ីឈ្នួលគេ ព្រោះខឹងថៅកែមិនបើកលុយឱ្យក៏ចាំឆ្កែរបស់គេទៅ។ បន្ទាប់មកម្ចាស់ឆ្កែ បានប្តឹងលោក ណន សុខហេង ឡើងតុលាការ។ ក្រោយដំណឹងគួរឱ្យអាសូរនេះ បានឮដល់សម្តេចតេជោ ហ៊ុន សែន, សម្តេចក៏បានជួយសម្របសម្រួលឱ្យរូបគេ បានរួចពីបណ្តឹង ហើយសម្តេចក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់រូបគេផងដែរ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។
ជួបគ្រោះ ក៏ទទួលបានលាភ។ រាប់ចាប់ពីត្រឹមថ្ងៃដែលសម្តេចតេជោ បានជួយរំដោះរូបគេពីបណ្តឹងរបស់ថៅកែ មកដល់ពេលនេះ មានរយៈពេល ៣ខែ ៥ថ្ងៃហើយ។
ពេលនេះលោក ណន សុខហេង បានធ្វើឡដុតនំបុ័ងរួចរាល់ ហើយក៏រៀនចេះពីវិធីដុតនំប័ុង និងបានចាប់ផ្ដើមអាជីវកម្មដុតនំប័ុងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា <<ហាងនំប៉័ងសម្ដេចតាចិត្តធម៌>>។
ជាមួយនឹងសមិទ្ធផលនេះ លោក ណន សុខហេង បានថតរូបភាពសមិទ្ធផលដ៏រីករាយរបស់គេ ផ្ញើជូនសម្តេចតេជោ ព្រមទាំងបានអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។
ជាមួយនឹងការចែកចាយរូបភាព ក៏ដូចជាដំណឹងនៃផ្លែផ្ការបស់ ណន សុខហេង, សម្តេចតេជោ ក៏បានកោតសរសើររូបគេ ដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង សម្រាប់ប្រកបរបរចិញ្ចឹមគ្រួសារទៅថ្ងៃមុខ។
ក្នុងសំណេរនេះ សម្តេចតេជោ ក៏បានផ្តល់ដំបូន្មាន និងផ្តាំផ្ញើថា <<តាសូមផ្តាំផ្ញើដល់ចៅ គឺត្រូវផលិតឱ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ។ ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើម ដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាព ទាំងរសជាតិ និងតម្លៃ។ ចៅត្រូវយកលុយបង្កើតលុយ>>។
សម្តេចតេជោ បានអរគុណលោក ជួន ណារិន ស្នងការរាជធានីភ្នំពេញ ដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោក សេង ទៀង ដែលបានតាមដានដំណើការរៀបចំការផលិតតាំងពីចាប់ផ្តើមកសាងរហូតដល់ការផលិតនាពេលនេះ។
សម្តេចតេជោ ក៏ឆ្លៀតត្បកទៅក្រុមជ្រុលនិយមផងដែរ ដែលពេលនោះពួកគេ បានពេបជ្រាយ និងវាយប្រហារសម្តេចថាមកគិតរឿងកូនឆ្កែកំបុិកកំប៉ុកមិនគិតរឿងជាតិធំៗ។
សម្តេចតេជោ បានតបពួកជ្រុលនិយមថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុក សូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអ្វី៕