សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយដៃគូ ពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានានូវនិរន្តរភាពយូរអង្វែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

Posted By: RoogRog Robot | 05-Feb-2025 17:23:08

2025-02-05 05:18pm

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។

បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុងអនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិការផ្តល់ប្រាក់កម្ចី និងធានានូវនិរន្តរភាពយូរអង្វែងរបស់វិស័យ។

ក្នុងនាមជាភាគីដ៏សំខាន់មួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរក្សាឱ្យបាននូវតួនាទីដ៏ សំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា <<សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្តេជ្ញា ធ្វើការជិតស្និតជាមួយដៃគូរបស់យើង ដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបានដឹងនូវបញ្ហាប្រឈមដែលអ្នកខ្ចីប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជន ឱ្យអាចមានលទ្ធភាពធ្វើការសម្រេចចិត្ត ប្រកបដោយការទទួលបានព័ត៌មានច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់>>។

លោកស្រីបានបន្ដថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារ ប្រតិបត្តិការឥណទានផងដែរ។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថាការផ្តល់ឥណទានត្រូវបានធ្វើឡើង ដោយផ្អែកលើសមត្ថភាពសងត្រលប់របស់អតិថិជន ជាជាងការពឹងផ្អែកតែលើទ្រព្យធានា។

លោកស្រីបានបញ្ជាក់ថា វិធានការដ៏សំខាន់មួយទៀត គឺការហាមឃាត់ការប្រើប្រាស់ដីសហគមន៍របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារសហគមន៍ងាយរងគ្រោះពីហានិភ័យនៃការបាត់បង់ដីធ្លី។

លោកស្រី​ ឌិត នីតា បានបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារនៅកម្ពុជា (ABC)។ មជ្ឈមណ្ឌលនេះ ផ្តល់សេវាដោះស្រាយបណ្តឹងអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន។ សមាគមក៏កំពុងពង្រឹងកម្មវិធីអប់រំ ចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោត លើស្ត្រី និងសហគមន៍ជនបទ តាមរយៈគម្រោងសុវត្ថិភាពហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុឱ្យធ្វើការសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹងច្បាស់លាស់ ព្រមទាំងកាត់បន្ថយហានិភ័យ នៃការជំពាក់បំណុលច្រើនលើសលុប។

លោកស្រី ឌិត នីតា បានបន្ថែមថា <<តាមរយៈកិច្ចសហការជាមួយដៃគូ យើងកំពុងប្រឹងប្រែងកសាងវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាបន្ន និងផ្តល់ឱកាសជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ គោលដៅរបស់យើង គឺផ្តល់ជូនអតិថិជននូវសេវា និងផលិតផល ហិរញ្ញវត្ថុផ្លូវការ ដែលមានភាពចាំបាច់តាមតម្រូវការ ដើម្បីពួកគាត់ទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុ និងការពារពួកគាត់ពីហានិភ័យហិរញ្ញវត្ថុ>>។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ និងបរិយាបន្នហិរញ្ញវត្ថុ ដោយធានាថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែជាចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសអាជីវកម្ម។

លោកស្រីបានបញ្ជាក់បន្ថែមថា ក្នុងពេលដែលការពិគ្រោះយោបល់កំពុងដំណើរការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដូចជាវិនិយោគិន អ្នកបង្កើតគោលនយោបាយ និយ័តករ អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ចូលរួមសហការក្នុងការតម្រង់ទិសវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចូលរួមជាមួយគ្នា យើងនឹងអាចធានាបានថា ប្រជាពលរដ្ឋដែលងាយរងគ្រោះទទួលបាននូវកិច្ចការពារ ហើយវិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តលើកកម្ពស់ និងផ្តល់ឱកាសផ្នែកសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជាគ្រប់ៗរូប៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...