(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានឱ្យដឹងថា កម្ពុជា និងចិនចាប់ផ្តើមមានទំនាក់ទំនងកាទូតជាផ្លូវការ តាំងពីឆ្នាំ១៩៥៨ និងបង្កើតបាននូវសមិទ្ធផលជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ហេតុដូច្នេះហើយ ចាំបាច់ណាស់ដែលពលរដ្ឋកម្ពុជា ត្រូវរួមគ្នាឆ្លើយតបជាវិជ្ជមាន ចំពោះរាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។
លោក ឯក សំអុល លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ <<ឥទ្ធិពលចិនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា>>។
លោកបានកត់សម្គាល់ថា ជាទូទៅប្រទេសប្រទេសចិន នៅពេលដែលមានទំនាក់ទំនងជាមួយប្រទេសណាមួយ គឺតែងតែគោរពនូវខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសម្ចាស់ផ្ទះឡើយ។
លោកមានប្រសាសន៍ទៀតថា <<យើងខ្ញុំត្រេកអរដែលប្រជាជននៃប្រទេសទាំងពីរ កាន់តែយោគយល់ ជិតស្និតគ្នា ហើយរដ្ឋាភិបាលទាំងពីរកម្ពុជាចិន មានកិច្ចសហប្រតិបត្តិការគ្នាស្និតរមួតជាពិសេស ដែលមានជាង២ទសវត្សរ៍មកហើយ ហើយយើងឈានដល់កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៀត អ៊ីចឹងហើយជាការចាំបាច់ណាស់ ដែលប្រជាពលរដ្ឋយើងទូទៅ ត្រូវរួមគ្នាឆ្លើយតបជាវិជ្ជមានដល់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងបន្តពង្រីកទៅមុខទៀត។
លោកបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀតផងដែរ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ឯក សំអុល៖