រយៈពេល ២៤ថ្ងៃនៃការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសប្បុរសជនបរិច្ចាគជាង ៦ពាន់នាក់សរុបថវិកាជាង ១.៥លានដុល្លារ

Posted By: RoogRog Robot | 24-Jan-2025 11:50:06

2025-01-24 11:44am

(ភ្នំពេញ)៖ រយៈពេល២៤ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី១ ដល់ ២៤ ខែមករា ឆ្នាំ២០២៥) មានសប្បុរសជនជាង៦ពាន់នាក់ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីគាំទ្រដល់ដំណើរការបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ។

សប្បុរសជនជាង ៦ពាន់នាក់ បានបរិច្ចាគថវិការបស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាសរុបចំនួនជាង ១.៥លានដុល្លារអាមេរិក។

មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាប់ទិន្នន័យដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះថា <<គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ, សប្បុរសជនជាង ៦ពាន់នាក់ បានចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថវិកាបរិច្ចាគសរុបចំនួន ជាង ១,៥ លានដុល្លារអាម៉េរិក>>។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា​ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បានសម្តែងនូវការថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ​​ដែលបានចំណាយថវិកាបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផា ដែលនេះជាសកម្មមួយក្នុងការផ្តល់ភាពញញឹមដល់ទារក និងកុមារ ដែលធនធានដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិត បានបន្តអំពាវនាវដល់សប្បុរសជន សូមបន្តបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នាជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។

លោកជំទាវជឿជាក់ថា ចលនានៃការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបក្តីមេត្តាពីសំណាក់ក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា ព្រមទាំងកិច្ចខំប្រឹងប្រែងពីសំណាក់គណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នឹងនៅតែបន្តជាប់ជាប្រចាំ និងកាន់តែផុសផុលថែមទៀត ដើម្បីនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារកម្ពុជា ក្រោមដ៏ត្រជាក់នៃសុខសន្តិភាពនៅកម្ពុជា។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលទារក និងកុមារចំនួនប្រមាណ ១,២លានករណី ព្រមទាំងស្រ្តីមានផ្ទៃពោះចំនួន ១០៥ ៣៩៦ ករណី។ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាជាមធ្យមប្រមាណ ៤២ លានដុល្លារអាមេរិក សម្រាប់ចំណាយលើការរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

* សម្រាប់លិខិតថ្លែងអំណរគុណ បន្ទាប់ពីសប្បុរសជនបានបរិច្ចាគរួចរាល់ សូម Print Screen ចំនួនទឹកប្រាក់ដែលបរិច្ចាគ រួចផ្ញើទៅកាន់គ្រុបCoolApp របស់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលីងខាងក្រោម៖

https://group.coolapp.chat/#CjQKIFGEaHdDE-hKi_3B3mGAfOa5LAgN-C9eg5k14PC8yRikEhDu7etYndSQUVOkD1ybmSLN

ស្កេន: QR Code ដែលបានភ្ជាប់ជូននៅខាងក្រោម ឬទាក់ទងលេខ៖ 016 808 905 , 061 70 1111


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...