(ឡុងដ៍)៖ ប្រមុខអង្គការដែនសមុទ្ររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ ទី១៤ ខែមករា បានចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បដិសេធច្រានចោលលទ្ធភាព នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីកាន់កាប់ច្រកផ្លូវទឹកដ៏សំខាន់ របស់ពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Arsenio Dominguez ប្រធានអង្គការដែនសមុទ្រអន្តរជាតិ (IMO) បានលើកឡើងដូច្នេះថា <<សម្រាប់ខ្ញុំ វាច្បាស់ណាស់ ហើយមិនមែនជារឿងអ្វី ត្រូវពិភាក្សាវែកញែកធំដុំឡើយ ដោយសារតែសន្ធិសញ្ញាពាក់ព័ន្ធ ត្រូវបានចុះហត្ថលេខា តាំងពីឆ្នាំ១៩៧៧ម៉្លេះ។ ព្រែកជីកប៉ាណាម៉ា ត្រូវបានប្រគល់ឱ្យទៅប៉ាណាម៉ា ដែលបន្តគ្រប់គ្រងច្រកផ្លូវទឹកដ៏សំខាន់នេះ ហើយនឹងនៅតែបន្តធ្វើបែបនោះទៀត>>។
លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា បានបង្កការភ្ញាក់ផ្អើល នៅពេលត្រូវបានសាកសួរ អំពីព្រែកជីកប៉ាណាម៉ា កាលពីសប្តាហ៍មុន។ ពេលនោះ លោកបាននិយាយថា រូបលោកមិនប្តេជ្ញាចំពោះការមិនប្រើប្រាស់កម្លាំងយោធា ឡើយ។ ខាងរដ្ឋាភិបាលប៉ាណាម៉ា បានឆ្លើយតបចំពោះសម្តីលោក ត្រាំ ថា អធិបតេយ្យរបស់ខ្លួន លើព្រែកជីកអន្តរមហាសមុទ្រនេះ គឺមិនមែនជារឿងអាចចរចាគ្នាជាដាច់ខាត។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានសាងសង់ គ្រប់គ្រង និងធ្វើប្រតិបត្តិការ ព្រែកជីកប៉ាណាម៉ា ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល រហូតទាល់តែដល់ពេលលោក Jimmy Carter កាលនោះជាប្រធានាធិបតីអាមេរិក សម្រេចបានកិច្ចព្រមព្រៀងមួយ នៅទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីផ្ទេរការគ្រប់គ្រងដោយសន្សឹមៗ នៃច្រកផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់មួយនេះ ឱ្យទៅអាជ្ញាធរប៉ាណាម៉ា៕