(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ក្នុងឱកាសខួបកំណើត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
តាមរយៈសារលិខិត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងយ៉ាងដូច្នេះថា៖ <<ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុរបស់សម្តេចក្រឡាហោម គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវអំណរសាទរ ព្រមជាមួយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ប្រកបដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត និងសូមជូនសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចក្រឡាហោម ដែលកន្លងមក សម្តេចបានលះបង់អស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ក្នុងការចូលរួមចំណែកដឹកនាំប្រទេសជាតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឱ្យមាតុភូមិកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការពារបាននូវឯករាជ្យជាតិ បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំនូវសព្ទសាធុ ការពរជ័យគ្រប់ប្រការជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូម មានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខសុភមង្គល មានសុខភាពល្អបរិបូរណ៍ និងសូមសមប្រកបតែនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។ សូម សម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ បំផុតពីខ្ញុំ និងភរិយា>>៕