(កំពង់ស្ពឺ)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹងពីគោលបំណង ក្រោយពីកម្លាំងសមត្ថកិច្ចជានគរបាល និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះផ្សព្វផ្សាយ អប់រំពីបញ្ហាគ្រឿងញៀនដល់លោកគ្រូ អ្នកគ្រូ គណ:គ្រប់គ្រងសាលា នៅមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ច្បាស់ពីគោលបំណងសំខាន់ គឺបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនក្នុងសាលា ក៏ដូចជាសហគមន៍។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបន្ថែមទៀតថា ការបង្ការទប់ស្កាត់បាននូវការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងសាលា គឺពិតជាអាចទប់ស្កាត់បានការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍ ព្រោះថា សិស្សទាំងអស់ជាកូនចៅរបស់ប្រជាពលរដ្ឋ ដូច្ឆេះពួកគាត់នឹងមានឱកាសជួបជាមួយជាពលរដ្ឋគាត់គ្រប់ពេលនឹងអាចជួយផ្សព្វផ្សាយបន្តនូវបញ្ហាគ្រឿងញៀននៅក្នុងគ្រួសាររបស់គាត់ <<គ្រួសារមួយគ្មានអ្នកញៀនគ្រឿងញៀន គឺសហគមន៍ទាំងមូលនឹងគ្មានអ្នកញៀនគ្រភងញៀន>>។
លោកបណ្ឌិតបានបន្ថែមទៀតថា ការប្រើប្រាស់នូវមធ្យោបាយផ្សព្វផ្សាយអប់រំ គឺកាត់ផ្តាច់ទីផ្សារប្រើប្រាស់គ្រឿងញៀន ហើយការប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការបង្រ្កាប គឺកាត់ផ្តាច់ការផ្គត់ផ្គង់គ្រឿងញៀនទៅក្នុងសហគមន៍ ហើយសូមថ្លែងអំណរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលតែងតែផ្ដល់នូវការគាំទ្រនិងលើកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាគ្រប់សមាសភាពទាំងអស់នៅខេត្តកំពង់ស្ពឺដែលបានចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅថែរក្សាបាននៅសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងផងដែរថា ខេត្តកំពង់ស្ពឺតាមរយៈ App NoDrug តែងតែធ្វើការបង្ក្រាបបាននូវជនល្មើសជួញដូរ ចែកចាយគ្រឿងញៀន ជាបន្តបន្ទាប់ហើយលោកសូមលើកទឹកចិត្តដល់ដល់ប្រជាពលរដ្ឋទាំងអស់បន្តទាញយកនិងប្រើប្រាស់App NoDrug រាយការណ៍ដើម្បីរួមគ្នាយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍៕