រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការអំពាវនាវឱ្យប្រជាកសិករងាយមកដាំពូជស្រូវក្នុងស្រុក មិនមែនប្ដូរមកដាំទាំងអស់គ្នានោះទេ ត្រូវសិក្សាពីស្ថានភាពដី និងទីតាំងច្បាស់លាស់ (Video inside)

Posted By: RoogRog Robot | 15-Jan-2025 21:55:52

2025-01-15 09:50pm

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការអំពាវនាវឱ្យប្រជាកសិករដាំពូជស្រូវក្នុងស្រុក មិនមែនប្ដូរមកដាំទាំងអស់គ្នានោះទេ ព្រោះត្រូវសិក្សាពីស្ថានភាពដី និងទីតាំងច្បាស់លាស់។

ការលើកឡើងរបស់លោក ធ្វើបានឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន អំពីបញ្ហាតម្លៃនៅពេលដែលប្រជាកសិករងាកមកដាំតែស្រូវពូជ ក្នុងស្រុកជំនួសឱ្យពូជស្រូវបរទេស, លោក ឌិត ទីណា បានថ្លែងថា ចំណុចនេះក្រសួងបានគិតគូរច្បាស់លាស់ណាស់ មិនមែនចេះតែឃើញតម្លៃស្រូវពេលនេះល្អ ហើយក្រសួងអំពាវនាវឱ្យធ្វើទេ ប៉ុន្តែជាសំណូមពររបស់រោងម៉ាស៊ីនផ្ទាល់ ដែលកន្លងមកលោកតែងតែនិយាយថា ប្រសិនបើប្រជាកសិករដាំស្រូវសែនក្រអូបនេះជាការល្អ ព្រោះមានទីផ្សារល្អស្រាប់។

លោក បានបន្តថា ក្រសួងក៏មិនមែនចេះតែឱ្យប្រជាកសិករដាំនោះដែរ បើគាត់ត្រូវការយើងផ្ដល់ជូនពូជស្រូវសុទ្ធ ជាក់ស្ដែងដើម្បីធ្វើការសាកល្បងដាំដុះ ហើយជាមួយគ្នានេះផងដែរក៏ត្រូវមើលដែរ ថាតើទីតាំងដែលគាត់ចង់ធ្វើនេះនៅកន្លែងណា ដើម្បីរករោងម៉ាស៊ីនឱ្យគាត់។

លោកបានបន្ថែមថា​ អីចឹងក្នុងការប្រើពូជក៏ដោយ ក្នុងការគ្រប់គ្រងបរិមាណក៏ដោយ គឺពាក់ព័ន្ធជាមួយផលិតកម្មតាមកិច្ចសន្យា, ក្រសួងត្រៀមក្នុងការសម្របសម្រួលឱ្យបងប្អូនយើង បើចង់ធ្វើស្រូវពូជសែនក្រអូប គឺរកទីផ្សារឱ្យគាត់មុនឱ្យហើយ ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំហើយ ប្រមូលផលហើយ បានស្វែងរកទីផ្សារយើងអន្តរាគមន៍មិនទាន់ យើងជួយបានតាមលទ្ធភាព ដែលយើងជួយបានកន្លងមក ប៉ុន្តែបើយើងមានផែនការជាមួយគ្នាមុន គឺទីផ្សារងាយស្រួល។

លើសពីនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឥឡូវនេះទីផ្សាររោងម៉ាស៊ីនមួយចំនួន ជាមួយនឹងស្ថានភាពថ្លៃអង្ករ ដែលគាត់កំពុងតែលក់សព្វថ្ងៃ រោងម៉ាស៊ីនហ៊ានឱ្យតម្លៃ ១៣០០រៀល ក្នុង១គីឡូស្រូវសើម សម្រាប់ស្រូវសែនក្រអូប។

លោក ឌិត ទីណា បានបញ្ជាក់ថា <<ឥឡូវនេះហួសពេលដាំដុះហើយ ព្រោះជាពេលប្រមូលផល អីចឹងពីនេះទៅដល់ខែមីនា គឺជាពេលប្រមូលផលទាំងអស់..សម្រាប់រដូវវស្សាថ្មី យើងនឹងដាំដុះស្រូវវស្សាប្រកាន់រដូវ ដែលភាគច្រើនជាពូជស្រូវផ្ការំដួល ដែលជាពូជស្រូវមានតម្លៃមួយខ្ពស់ដែរ ហើយធ្លាប់ជាប់ឈ្មោះជាអង្ករល្អជាងគេលើពិភពលោក ៥ដងមកហើយ>>។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា សែនក្រអូបនេះក៏យើងអាចធ្វើនៅក្នុងខែឧសភាបានផងដែរ ដែលអាចធ្វើនៅលើដីប្រពលវប្បកម្ម ហើយអាចដាំដុះបាន ២ដងថែមទៀត។ លោកបានបន្តថា <<ចំណុចនេះមានលក្ខណៈបច្ចេកទេសច្រើនណាស់ មិនមែនប្ដូរពូជស្រូវ ហើយអង្គុយចាំទីផ្សារទៀតទេ ប្ដូរមកជជែកជាមួយនឹងមន្ត្រីកសិកម្មឃុំ ដែលត្រៀមចាំជួយប្រជាកសិករ>>។

លោកបានលើកឡើងថា <<ប្រសិនបើប្រជាកសិករប្ដូរតែម្នាក់ឯងក៏ពិបាកដែរ ដូច្នេះត្រូវប្រមូលគ្នាក្នុងតំបន់មួយ ដែលធ្លាប់ធ្វើស្រូវសែនក្រអូប... យើងនឹងផ្ដល់ពូជតាមការជាក់ស្ដែង ហើយមិនមែនមានន័យថា ក្រសួងអំពាវនាវហើយប្ដូរមកទាំងអស់គ្នាតែម្ដងដែរ អ្នកដែលធ្លាប់ធ្វើគាត់មានការប្រុងប្រយ័ត្នណាស់ ទាល់តែគាត់ឃើញពីផលប្រយោជន៍ទើបគាត់ចាប់ផ្ដើមដាំ>>។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មិនខុសពីពូជស្រូវ អូអឹម (OM) ដែលជុញបច្ចុប្បន្នទេ ដោយប្រជាកសិករលោកឃើញស្រូវនេះ មានតម្លៃល្អកាលពីឆ្នាំ២០២៣ ឆ្នាំ២០២៤ នៅចំណេញបានច្រើន ដែលជាហេតុនាំឱ្យចុងឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំច្រើន ធ្វើឱ្យបរិមាណកើន គួបផ្សំនឹងមិនមានកិច្ចសន្យាផលិតកម្មថែមទៀត ត្រង់ចំណុចនេះក្រសួងមិនបានបន្ទោសនោះទេ តែវាជាស្ថានភាពជាក់ស្ដែងដែលត្រូវការពេលវេលាដោះស្រាយ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...