(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការដាក់បទបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ នៅស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវការណែនាំ ប្រៀបដូចបទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់លើការងារសំខាន់ៗ មួយចំនួនរួមមាន៖
*ទី១៖ ការងារព្រហ្មទណ្ឌប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានាថែរក្សាបានសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ
*ទី២៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឲ្យមានការថយចុះជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
*ទី៣៖ ការងារចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយច្បាប់ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឲ្យមានលទ្ធផលល្អប្រសើរ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ <<ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព>> តាមវេទិកាសាធារណៈ។
លោកស្នងការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង៩ ក្រុង-ស្រុក ត្រូវពង្រឹងរបៀបរបបកិច្ចប្រជុំ គោរព អនុវត្តបទវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ពង្រឹងរបៀបរបការងារជំនាញ ត្រួតពិនិត្យ តួនាទី ភារកិច្ច និងបទបញ្ជា ដែលថ្នាក់ដឹកនាំប្រគល់ជូន។ លើសពីនេះ ត្រូវរៀបចំខ្លួនក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការ សាកសមជាមន្ត្រីនគរបាលជាតិ។
លោកបានបន្ដថា មន្ដ្រីត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការឲ្យបានត្រឹមត្រូវក្នុងការឈប់សម្រាក និងតាមកាលកំណត់, ត្រូវចេះថែទាំសុខភាព និងអនាម័យឲ្យបានត្រឹមត្រូវ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការងារសង្គម សប្បុរសធម៌ជួយគ្នាទៅវិញទៅមក នាគ្រាជួបទុក្ខលំបាក និងចូលរួមជ្រុំជ្រែងកសាងអភិវឌ្ឍន៍អង្គភាព រីកចម្រើនបន្ថែមទៀត ហើយថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានគង់វង្ស បន្សល់ជាកេរ្តិ៍ដំណែល ដល់មន្ត្រីបន្តវេន៕