ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បង្ហាញវឌ្ឍនភាពការអនុវត្តគម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ នៅទូទាំងខេត្តព្រះវិហារ ទទួលបានជោគជ័យ ដោយបានកាត់បន្ថយអត្រាមរណភាពរបស់ទារក

Posted By: RoogRog Robot | 15-Jan-2025 20:30:52

2025-01-15 08:23pm

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងបង្ហាញវឌ្ឍនភាព ពីការអនុវត្តគម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ នៅទូទាំងខេត្តព្រះវិហារ ទទួលបានជោគជ័យ ដោយបានកាត់បន្ថយអត្រាស្លាប់របស់ទារក។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយកញ្ញា នីណា អ៊ងខេម ទីប្រឹក្សាបច្ខេកទេស និងជាអ្នកគ្រប់គ្រងផលប័ត្រមូលនិធិអន្តរជាតិIF នៅមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ទាក់ទងនឹងគម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ ដែលបានអនុវត្តនៅក្នុងខេត្តព្រះវិហារកន្លងមក។

ថ្លែងក្នុងជំនួបពិភាក្សានាឱកាសនេះ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារថា គោលបំណងនៃជួបពិភាក្សា និងការសំណេះសំណាលនាពេលនេះ គឺទាក់ទងអំពីគម្រោងសង្គ្រោះទារករបស់មន្ទីរពេទ្យកុមារអង្គរ ដែលបានអនុវត្តនៅខេត្តព្រះវិហារ នាពេលកន្លងមក ពោលចាប់ផ្តើមពីឆ្នាំ២០១៨ ហើយនឹងត្រូវបញ្ចប់នាពេលខាងមុខនេះ។

លោក គួង ឡូ បានថ្លែងទៀតថា គម្រោងសង្គ្រោះទារក បានចាប់ផ្តើមឡើងនាឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាមរណភាពរបស់ទារក ដោយសារខេត្តព្រះវិហារជាខេត្តមួយក្នុងចំណោមខេត្តដាច់ស្រយាលដ៏ទៃទៀត ដែលមានដៃគូរអភិវឌ្ឍន៍សហការតិចតួច លោកបន្ថែមថា គម្រោងសង្គ្រោះទារកមានចំណុចពិសេសម្តែង បានអនុវត្តដោយគ្របដណ្តប់គ្រប់ភូមិសាស្ត្រទាំងអស់នៃខេត្តព្រះវិហារ គម្រោងនេះបានផ្តោតទៅលើការបង្រៀន បង្វឹក បុគ្គលិកសុខាភិបាល ពីថ្នាក់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មន្ទីរពេទ្យបង្អែកខេត្តព្រមទាំងបំពាក់សម្ភារៈ សម្រាប់ព្យាបាល ថែទាំទារក នៅទីតាំងទាំងនោះផងដែរ។

អ្វីដែលពិសេសជាងនោះទៅទៀតនោះ បានបង្កើតនូវបន្ទប់ថែទាំទារកសម្រាប់មន្ទីរពេទ្យ រួមជាមួយគ្នានេះដែរគម្រោងបានផ្តោតលើការងារក្នុងសហគមន៍ ដោយធ្វើការជាមួយក្រុមទ្រទ្រង់ សុខភាពភូមិ ដើម្បីជំរុញប្រជាជននៅតាមភូមិឱ្យយល់ដឹងពីបញ្ហាសុខភាពម្តាយនឹង ទារក និងមកទទួលសេវ៉ាព្យាបាលថែទាំនៅគ្រឹះស្ថានសុខាភិបាលឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងទៀតថា កិច្ចការទាំងអស់នេះហើយដែលអាចធ្វើឱ្យខេត្តព្រះវិហា អាចកាត់បន្ថយអត្រាមរណភាពរបស់ទារកដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសុខភាពពិភពលោក ហើយក៏ជាគោលដៅអាទិភាពមួយក្នុងចំណោម គោលដៅផ្សេងៗទៀតដែលបានកំណត់ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើង។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានពាំនាំគម្រោងសង្គ្រោះទារកមកខេត្តព្រះវិហារ ហើយលោកក៏សំដែងនូវការសោកស្តាយដែលគម្រោងនេះត្រូវបានបញ្ចប់ ប៉ុន្តែទោះជាយ៉ាងណាលោកក៏នៅតែទទូចសុំឱ្យបន្តជំនួយដល់ខេត្តព្រះវិហារជាបន្ត ក្នុង គោលដៅបន្តអភិវឌ្ឍគុណភាពសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡៀងថែមទៀត។

លោកស្រី នីណា តំណាងម្ចាស់ជំនួយ មូលនិធិអន្តរជាតិ (InternationalFoundation) បានថ្លែងធ្វើការកោតសរសើរថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ពិសេសការអនុវត្តគម្រោងសង្គោះទារក ដែលបានកាត់បន្ថយអាត្រាស្លាប់របស់ទារក លោកស្រីក៏បានបន្តថា លោកស្រីបានសង្កេតឃើញនៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត និង មណ្ឌលសុខភាពសម្តេចជាស៊ឹម ដែលលោកស្រីបានទៅទស្សនកិច្ចថ្មីៗនេះ មានសណ្តាប់ធ្នាប់ល្អ បុគ្គលិករួសរាយរាក់ទាក់ ដំណើរការសេវាដែលផ្តល់ឱ្យប្រជាជនល្អគួរឱ្យកត់សម្គាល់ ម៉ោងមណ្ឌលសុខភាពដ៏ទៃក្នុងប្រទេសផ្សេងៗទៀតដែលលោកស្រី បានធ្លាប់ចូលទស្សនកិច្ចកន្លងមក៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...