សកម្មជនព្រៃឈើរបស់លោក អ៊ូច ឡេង ប្តូរពីធ្វើសកម្មភាពក្រៅប្រព័ន្ធ មកសហការជាមួយក្រសួងបរិស្ថាន

Posted By: RoogRog Robot | 15-Jan-2025 20:03:39

2025-01-15 08:01pm

(ភ្នំពេញ)៖ សកម្មជនព្រៃឈើ៣រូប ដែលធ្លាប់ធ្វើការងារជាមួយលោក អ៊ូច ឡេង បានសម្រេចចិត្តសហការជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតកិច្ចការ​ពារព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

សកម្មជនព្រៃឈើ៣រូប ដែលសម្រេចចិត្តដើរចេញពីលោក អ៊ូច ឡេង ហើយ​ងាក​មកធ្វើការងារជាមួយក្រសួងបរិស្ថាននេះ រួមមាន៖ លោក ម៉ាន ម៉ាត់ លោក ព្រំ ម៉ៅ និងលោក ព្រុំ យើយ។ សកម្មជនព្រៃឈើទាំង៣រូបនេះ នា​ពេល​កន្លងទៅក្រោមរូបភាពជាសកម្មជនការពារព្រៃឈើឯករាជ្យនោះ ពួកគេ​តែងតែចេញរបាយការណ៍មិនល្អពីស្ថានភាពព្រៃឈើនៅកម្ពុជា។ ផ្អែកតាម​របាយការណ៍របស់ពួកគេអង្គការអន្តរជាតិ ក៏ដូចជាបណ្តាញសារព័ត៌មាន​មានមូលដ្ឋាននៅក្រៅប្រទេសផង បានវាយតម្លៃ និងផ្សព្វផ្សាយក្នុងរូបភាព​មិន​ល្អពាក់ព័ន្ធស្ថានភាពព្រៃឈើនៅកម្ពុជា។

បន្ទាប់ពីសម្រេចដើរចេញពីលោក អ៊ូច ឡេង, នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ​២០២៥នេះ សកម្មជនព្រៃឈើទាំង៣រូប ទទួលបានការអនុញ្ញាតពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យចូលជួបសម្តែងការគួរសម និង​ពិភាក្សា​គ្នាលើកិច្ចការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ។

លោក អ៊ាង សុផល្លែត បានស្វាគមន៍ប្រកបដោយភាពរីករាយជាទីបំផុត។ លោក អ៊ាង សុផល្លែត បានគូសរំលេចថា កិច្ចការពារធនធានធម្មជាតិ និង​ព្រៃ​ឈើជាតួនាទីភារកិច្ចរបស់ខ្មែរគ្រប់រូប មិនមែនតួនាទីភារកិច្ចរបស់មន្ត្រី​ក្រសួងបរិស្ថានដាច់ដោយឡែកនោះឡើយ។ ប៉ុន្តែដើម្បីកិច្ចការពារនោះ​មាន​ប្រសិទ្ធភាពត្រូវមានកិច្ចសហការគ្នាដ៏ជិតស្និទ្ធមួយរវាងមន្ត្រីមានតួនាទីភារកិច្ចអនុវត្តន៍ច្បាប់ ជាមួយមន្ត្រីអង្គការសង្គមស៊ីវិល សហគមន៍ ក៏ដូចជាប្រជា​ពល​រដ្ឋទូទៅ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកការចូលរួមរបស់សកម្មជនព្រៃ​ឈើទាំង៣រូប ជាការបន្ថែមកម្លាំងលើកិច្ចការពារព្រៃឈើ ដែលជាកិច្ចការ រាជរដ្ឋា​ភិ​បាលបានយកចិត្តទុកដាក់ខ្ពស់។

លោក ព្រុំ យើយ បានប្រាប់ Fresh News ថា ទោះបីផ្លាស់មកធ្វើការងារ​ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ក៏លោកនៅតែប្តេជ្ញាចិត្តក្នុង​កិច្ច​ការពារ​ព្រៃឈើដោយធ្វើការស្របទៅច្បាប់ទាំងឡាយ ដែលបានចែង​ពាក់​ព័ន្ធ​កិច្ចការពារធនធានធម្មជាតិ និងព្រៃឈើ។

លោក ព្រុំ យើយ បានបញ្ជាក់ថា ការដែលក្រុមរបស់លោកផ្លាស់មកធ្វើ​ការ​ងារ​​ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ក៏ព្រោះតែលោកមើល​ឃើញ​ថា សកម្មភាពដែលពួកលោកបានធ្វើនាពេលកន្លងមក មិនត្រូវទៅ​តាម​ច្បាប់ ហើយក៏មិនបានចូលរួមក្នុងកិច្ចការពារព្រៃឈើឱ្យបានល្អប្រសើរ​នោះឡើយ។ ផ្ទុយទៅវិញសកម្មភាពរបស់ពួកគេ ហាក់ត្រូវបានជនបរទេស ឬក្រុមប្រឆាំងយកទៅកេងជាប្រយោជន៍ទៅវិញ។

ក្រុមសកម្មជនព្រៃឈើខាងលើនេះ ចាត់ទុកការចូលរួមជាមួយរាជរដ្ឋា​ភិ​បាល ក៏ដូចជាក្រសួង​បរិ​ស្ថាន គឺជាការផ្លាស់ប្តូររបៀបនៃការធ្វើសកម្មភាពការ​ពារព្រៃឈើ ហើយពួកគេជឿជាក់ថាការធ្វើការងារជាមួយរាជរដ្ឋាភិបាល និង​ក្រសួងបរិស្ថាននឹងមានប្រសិទ្ធភាពជាងការធ្វើក្រៅប្រព័ន្ធ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...