(សេអ៊ូល)៖ ហានិភ័យផ្លូវច្បាប់ដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវប្រឈម បានកើនឡើងនៅថ្ងៃ១៥ ខែមករា ក្រោយក្រុមអ្នកស៊ើបអង្កេតបានចាប់ខ្លួនរូបលោក ដើម្បីសួរចម្លើយ ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូកន្លងទៅ។ សភាកូរ៉េខាងត្បូងបានបោះឆ្នោតចោទប្រកាន់ដកតំណែងលោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីសមាជិកសភាបានវិនិច្ឆយ ថាលោកបានបំពានលើរដ្ឋធម្មនុញ្ញ។ តាមរយៈការសម្រេចនេះ លោក Yoon ត្រូវបានព្យួរតំណែង និងកំពុងរង់ចាំសាលក្រមសម្រេចពីតុលាការធម្មនុញ្ញថាតើត្រូវទុក ឬក៏ដករូបលោកចេញពីតំណែងជា ប្រធានាធិបតី។
* ហេតុអ្វីលោក Yoon ត្រូវបានចាប់ខ្លួន?លោក Yoon Suk Yeol ត្រូវបានឃាត់ខ្លួនដោយក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ឬហៅកាត់ថា CIO ជាភ្នាក់ងារឯករាជ្យមួយនៅក្រោមរដ្ឋាភិបាលជាតិ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា បន្ទាប់ពីលោកបានបដិសេធបង្ហាញខ្លួនតាមការកោះហៅនៅក្នុងការសួរចម្លើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក។ លោក Yoon គឺជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងបំផុតដែលត្រូវបានចាប់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កូរ៉េខាងត្បូង។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបានចែងថាអំពើក្បត់ និងការបះបោរគឺជាបទឧក្រិដ្ឋ តែ២គត់ ដែលប្រធានាធិបតីកំពុងកាន់អំណាច និងមានអភ័យឯកសិទ្ធិ អាចប្រឈមនឹងការចោទប្រកាន់។
* តើតទៅទៀត នឹងមានអ្វីកើតឡើង?លោក Yoon អាចនឹងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នរយៈពេល៤៨ម៉ោង ដើម្បីសួរចម្លើយនៅឯទីស្នាក់ការកណ្ដាលរបស់ CIO ស្ថិតនៅក្នុងទីក្រុង Gwacheon ស្ថិតនៅជាយទីក្រុងសេអ៊ូល។ បន្ទាប់ពីនោះ ក្រុមអ្នកស៊ើបអង្កេតត្រូវតែធ្វើការសម្រេចចិត្តថាតើត្រូវស្នើសុំដីការឃាត់ខ្លួនជាផ្លូវការឬក៏យ៉ាងណា? ក្នុងករណីមានការចេញដីកាឃាត់ខ្លួនជាផ្លូវការ នោះក្រុមអ្នកស៊ើបអង្កេតអាចបន្តឃុំខ្លួនលោក Yoon បាន រយៈពេល២០ថ្ងៃ បើពុំដូច្នោះទេត្រូវដោះលែងលោក Yoon។ មួយវិញទៀត ប្រសិនបើលោក Yoon ត្រូវបានកាត់ទោសពីបទបះបោរ លោកអាចនឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសអតិបរមាជាប់ពន្ធនាគារ អស់មួយជីវិត ហើយមិនតែប៉ុណ្ណោះបើធ្ងន់ធ្ងរជាងនេះ គឺទោសប្រហារជីវិតតែម្ដង។
គួរបញ្ជាក់ថា នៅក្នុងការប៉ុនប៉ងជាលើកដំបូងដើម្បីដកតំណែងប្រធានាធិបតី សភាជាតិកូរ៉េខាងត្បូងបានអនុម័តសំណើចោទប្រកាន់ដកតំណែងប្រឆាំងនឹងអតីតប្រធានាធិបតី លោក Roh Moo-hyun កាលពី ខែមីនា ឆ្នាំ២០០៤ ដោយចោទប្រកាន់រូបលោកថាបានបំពានច្បាប់បោះឆ្នោត។ នៅពេលនោះពោលគឺ២ខែក្រោយមក តុលាការធម្មនុញ្ញបានប្រគល់តំណែងឱ្យលោក Roh Moo-hyun វិញ។ តុលាការបានរក ឃើញថាអតីតប្រធានាធិបតីរូបនេះពិតជាបានបំពានច្បាប់បោះឆ្នោតដូចការចោទប្រកាន់ប្រាកដមែន តែការបំពាននេះទៀតសោតមិនមានហេតុផលគ្រប់គ្រាន់ ឬធ្ងន់ធ្ងររហូតដល់ត្រូវដកតំណែងនោះទេ។
រហូតដល់ឆ្នាំ២០១៦ ទើបសភាកូរ៉េខាងត្បូងទទួលបានជោគជ័យនៅក្នុងការប៉ុនប៉ងដកតំណែងប្រធានាធិបតីម្នាក់ទៀត នោះគឺលោកស្រី Park Geun-hye ជុំវិញរឿងអាស្រូវដែលលោកស្រីបណ្ដោយឱ្យ មិត្តជិតស្និទ្ធម្នាក់របស់លោកស្រីលូកដៃក្នុងកិច្ចការនយោបាយ។ តុលាការធម្មនុញ្ញបានទទួលយកសេចក្ដីសម្រេចរបស់សភា ហើយបានទម្លាក់លោកស្រី Park ចេញពីតំណែងនៅខែមីនា ឆ្នាំ២០១៧។ លោកស្រី Park បានក្លាយជាប្រធានាធិបតីដំបូងគេបំផុតរបស់កូរ៉េខាងត្បូងដែលត្រូវបានដកតំណែង៕