អភិបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត យ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ

Posted By: RoogRog Robot | 15-Jan-2025 20:30:51

2025-01-15 08:26pm

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា គិតមកដល់ថ្ងៃនេះលោកបានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានចំនួន២០ដងរួចមកហើយ ដោយលោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តយ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ។

ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបរិច្ខាកឈាមដោយស្ម័គ្រចិត្ត ដែលធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នៅស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ជាធរស្រុកជាំក្សាន្ត នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ជាច្រើនរូបទៀត។

លោកអភិបាលខេត្តព្រះវិហារថ្លែងថា ការរៀបចំពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទផ្តល់ឈាមផ្តល់ក្តីស្រលាញ់ គឺជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ស.ស.យ.ក។

លោកថា ក្នុង១ថ្ងៃមន្ទីរពេទ្យត្រូវការឈាមចំនួន៣ផ្លោក ដូច្នេះក្នុង១ខែមន្ទីរពេទ្យត្រូវការឈាមប្រមាណ១០០ផ្លោក សម្រាប់ធ្វើការវះកាត់ ដល់អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់នៅតាមមន្ទីរពេទ្យ។

លោក គីម រិទ្ធី បានថ្លែងទៀតថា ប្រសិនបើគ្មានឈាមទេ ពេទ្យរបស់យើងមិនអាចមានលទ្ធភាពវះកាត់អ្នកជំងឺបានទេ បើគ្មានឈាមយើងមិនអាចសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺនៅមន្ទីរពេទ្យបានទេ ហើយការផ្តល់ឈាមនាពេលនេះគឺដើម្បីទ្រទ្រង់នៅមន្ទីរពេទ្យរបស់យើង។

លោកបន្ដថា តាមរយះការផ្តល់ឈាមវិលជុំដោយស្ម័គ្រចិត្តរបស់រដ្ឋបាលក្រុង ស្រុក ទាំង៨ និងការផ្តល់ឈាមរបស់កងទ័ពឈរជើងនៅតាមព្រំដែន លោកអភិបាលខេត្តសង្ឃឹមថា នឹងអាចផ្តល់ឈាមពេញមួយឆ្នាំជូនមន្ទីរពេទ្យបានគ្រប់គ្រាន់។

លោក គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា សម្រាប់រូបលោកផ្តាល់មកដល់ម៉ោងនេះ លោកបានផ្តល់ឈាមដោយស្ម័គ្រចិត្តចំនួន២០ដងរួចមកហើយ ដោយលោកធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយើងចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត យ៉ាងហោចណាស់មួយឆ្នាំម្តង ដើម្បីទុកជាអនុស្សាវរីយ៍ និងជាសិល្បៈនៃការចែករំលែកផងដែរ។

សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៩ ដែលចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនាពេលនេះមានចំនួន១៧៣នាក់ ស្រី៣១នាក់ ក្នុងនោះ៖ * អ្នកមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៨២នាក់ *ឈាមដែលបូមបានចំនួន៩១នាក់ ក្នុងនោះក្រុមឈាម O ចំនួន ៣២ សាក់.ក្រុមឈាម AB ចំនួន០៣ សាក់.ក្រុមឈាម A ចំនួន ៣០សាក់.ក្រុមឈាម B ចំនួន២៦ សាក់។

ក្នុងកំឡុងពេលបូមឈាម ក្រុមការងារបានធ្វើការពិនិត្យសុខភាពភ្នែកនិងជូនវ៉ែនតាដោយឥតគិតថ្លៃដល់នាយទាហាន ពលទាហាន សរុបចំនួន ១៥៨នាក់ អ្នកមានសុខភាពភ្ន្នែកធម្មតាចំនួន៦នាក់ អ្នកមានបញ្ហាសុខភាពភ្នែកចំនួន១៤៥នាក់ហើយបានផ្តលើវ៉ែនតាក្នុងនោះ៖ 100 ចំនួន៣១នាក់ 150 ចំនួន៤០នាក់ 200 ចំនួន៣៦នាក់ 250 ចំនួន២៣នាក់ 300 ចំនួន១៥នាក់ -100 ចំនួន៣នាក់ -150 ចំនួន៤នាក់៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...