ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំមន្ដ្រីមូលដ្ឋានត្រូវកែប្រែឥរិយាបថបម្រើពលរដ្ឋ ដើម្បីបង្កើនជំនឿមកលើរាជរដ្ឋាភិបាល (Video inside)

Posted By: RoogRog Robot | 15-Jan-2025 17:00:30

2025-01-15 04:53pm

(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំដល់មន្ដ្រីនៅមូលដ្ឋានទាំងអស់ ត្រូវកែប្រែឥរិយាបថក្នុងការបំពេញតួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកសន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ការកែប្រែឥរិយាបថ ពាក្យសម្ដី អប្បកិរិយារបស់មន្ដ្រីក្នុងការបម្រើពលរដ្ឋ សំដៅបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា រដ្ឋបាលគ្រប់ជាន់ថ្នាក់ មន្ទីរជំនាញគ្រប់អង្គភាពក្នុងខេត្តកំពង់ចាម ក៏ត្រូវពង្រឹងសមត្ថភាព ទទួលខុសត្រូវ មានគុណធម៌ ជំរុញបម្រើប្រជាពលរដ្ឋតាមសមត្ថកិច្ចរៀងៗខ្លួន។ លើសពីនេះ ត្រូវបន្ដជំរុញផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព តម្លាភាព គណេយ្យភាព និងទំនុកទុកចិត្ត។

លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា <<សូមឲ្យមេប៉ុស្ដិ៍នគរបាលរដ្ឋបាល ជួយដល់រដ្ឋបាលឃុំ ស្មៀនឃុំ ក្រុមប្រឹក្សា ត្រូវវិនិយោគចូលគ្នាដើម្បីកិច្ចការបម្រើសេវាសាធារណៈពីមួយថ្ងៃ ទៅមួយថ្ងៃ មានគុណភាព ប្ដូរឥរិយាបថ បង្កើនជំនឿពីពលរដ្ឋមកលើរាជរដ្ឋាភិបាល នេះសំខាន់ខ្លាំងណាស់>>។

ដោយឡែក ចំពោះរបៀបរបបនៃការបំពេញការងារវិញ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព មន្ទីរទាំងអស់ ត្រូវបណ្ដុះមនោសញ្ចេតនាស្រលាញ់គ្នា រក្សាសាមគ្គីភាពផ្ទៃក្នុង ស្របតាមគោលការណ៍រក្សាចាស់ បង្កើនថ្មី សំដៅរួមចំណែកជំរុញដល់ប្រសិទ្ធភាពការងារ។ លើសពីនេះ ក៏ត្រូវមានរបៀបរបបប្រជុំឲ្យបានទៀងទាត់ និងបែងចែកភារកិច្ចតាមផែនការការងារផងដែរ៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...