(ប៉េកាំង)៖ ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនងប្រជាជនចិនក្នុងរយៈពេល៧៥ឆ្នាំនេះ ស្គាល់នូវភាពរុងរឿងដ៏មហិមា ដែលជាពិសេសក្នុងឱកាសខួប៧៥ឆ្នាំ នៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ជាងប្រជាជាតិណាៗទាំងអស់ ប្រជាជនចិនបានយល់យ៉ាងច្បាស់ពីគុណតម្លៃ មហាសាលរបស់បក្សកុម្មុយនិស្តចិនដែលតែងបានចាត់ទុកថា <<សុខុមាលភាពរបស់ប្រជាជនមិនអាចផ្តាច់ចេញពី ជីវភាពរស់នៅប្រចាំថ្ងៃបាននោះទេ។
ជនកុម្មុយនិស្តបានធ្វើការនេះយ៉ាងខ្ជាប់ខ្ជួន ប្រឹងប្រែងធ្វើការជានិច្ចកាលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ ក្នុងនាមជាបក្សដឹកនាំប្រទេសចិន បក្សកុម្មុយនិស្តចិនបានទុកលទ្ធភាពដល់រដ្ឋាភិបាលចិន អនុវត្តនូវរាល់គោលនយោបាយ ដែលខ្លួនបានអនុម័តម្តងមួយឆ្នាំៗ ហើយធ្វើការងារជាក់ស្តែងក្នុងការឆ្លើយតបទៅនឹង ការទាមទាររបស់ប្រជាជន មើលឃើញពីវឌ្ឍនភាព និងទទួលអំណរពីផលប្រយោជន៍ទាំងនេះ។
ជាក់ស្តែង កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានប្រកាសលទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ច ទូទាំងប្រទេសចិនលើកទី៥ ដោយទិន្នន័យបង្ហាញថា ក្នុងនាមជាប្រទេសដែលទំហំសេដ្ឋកិច្ចសរុបបានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោកចាប់តាំងពីឆ្នាំ២០១០មក ដោយ GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ មានចំនួនជិត ១៣០ទ្រីលានយាន់ប្រាក់ចិន ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រារួមចំណែករបស់ចិនចំពោះ កំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមគឺ ប្រហែល៣០% ដែលបានក្លាយជាប្រភពកំណើនដ៏ធំបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ ស្របនឹងគំនិតនេះ ធនាគារពិភពលោកបានតម្លើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៤ និងការព្យាករណ៍ចំពោះសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២៥ផងដែរ។
ជោគជ័យនៃសេដ្ឋកិច្ចរបស់ប្រទេសចិន គឺជាការរួមចំណែកធានានិងលើកកម្ពស់សុខុមាលភាព របស់មនុស្សជាតិ ស្របតាមគុណតម្លៃរួម របស់អង្គការសហប្រជាជាតិ។ ការកែលម្អស្តង់ដារនៃការរស់នៅ គឺមានសារៈសំខាន់ក្នុង ការជំរុញការអភិវឌ្ឍ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បរិយាកាសអន្តរជាតិបានកើតមាន បម្រែបម្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ក្នុងនោះ ក៏បានឆ្លងកាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំផងដែរ ដោយប្រឈមមុខនឹង ការសាកល្បងគ្រប់ប្រភេទ សេដ្ឋកិច្ចចិនបានរក្សាកំណើនដោយនឹងនរជាលំដាប់ ដែលបានបង្ហាញពីភាពធន់យ៉ាងខ្លាំងក្លា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក។
ប្រទេសចិនបង្កើនកម្លាំងជំរុញបែបឧស្សាហកម្ម និងគោលនយោបាយជាចាំបាច់ ដើម្បីលើកទឹកចិត្តដល់សហគ្រិន និងបង្កើនការងារ ហើយខិតខំបង្កើនប្រាក់ចំណូលរបស់អ្នករស់នៅទីក្រុង និងតាមទីជនបទ ជាក់ស្តែងឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិន បានស្តារផលិតភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដែលបានធានា ឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកល ដំណើរការដោយប្រក្រតី ក៏ដូចជាបានរួមចំណែកយ៉ាងធំធេង ក្នុងការលំនឹងសេដ្ឋកិច្ចពិភពលោក ដោយបានគូសបញ្ជាក់ថា សមិទ្ធផលបែបនេះ កើតពីបុព្វហេតុនៃគោលនយោបាយគ្រប់គ្រងជាម៉ាក្រូ ដែលប្រកបដោយវិទ្យាសាស្ត្រ និងប្រសិទ្ធភាពរបស់រដ្ឋាភិបាលចិន ដែលបានពន្លឿនការអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី សមស្របនឹងតម្រូវការ នៃយុគសម័យដោយបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់។
នៅពេលកំពុងប្រឈមមុខទៅនឹងស្ថានភាពសេដ្ឋកិច្ច ក្នុងស្រុកនិងក្រៅស្រុកដ៏ស្មុគស្មាញ រដ្ឋបាភិបាលចិនបន្តធានា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាជីវភាពរស់នៅ ។ ប្រទេសចិនធានាយ៉ាងមុតមាំ ចំពោះភាពគ្រប់គ្រាន់នៃថវិកាសម្រាប់សុខុមាលភាពសាធារណៈ ដែលមិនត្រូវបានកាត់បន្ថយឡើយ ហើយបែរជាខិតខំបង្កើន ថែមទៀតសម្រាប់ការអប់រំ ការថែទាំសុខភាព ប្រាក់ចូលនិវត្តន៍ ដែលត្រូវបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ព្រមទាំងបានតាមដានការឆ្លើយតបដោយតម្លាភាពនៅក្នុងគោលនយោបាយរបស់ខ្លួន ហើយជំនឿចិត្តបែបនេះ កំពុងត្រូវបានបង្កើន ថែមមួយកម្រិតទៀត ពោលគឺកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន បានបើកធ្វើនៅរដ្ឋធានីប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុប ដោយគ្រប់ជ្រុងជ្រោយ នូវការងារសេដ្ឋកិច្ច ឆ្នាំ២០២៤ ធ្វើការវិភាគយ៉ាងស៊ីជម្រៅចំពោះស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយបានរៀបចំចាត់ចែងជាប្រព័ន្ធ នូវការងារសេដ្ឋកិច្ចឆ្នាំ២០២៥ ធានាយ៉ាងជាក់លាក់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដោយបានជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងកិច្ចកសាងអរិយធម៌អេកូឡូស៊ីនិងការអភិវឌ្ឍបៃតងនិងកាបូនទាប ជាក់ស្តែង បរិមាណផលិតរថយន្តថាមពលថ្មី ក្នុងឆ្នាំ២០២៣ បានឡើងដល់៩,៤៥៨,០០០គ្រឿងដែលកើនឡើង ៦.៩ដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយបរិមាណផលិតរថយន្តបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នាដែលសមមាត្រមានចំនួនលើសពី ៦០% នៃទូទាំងពិភពលោក។
គោលនយោបាយសេដ្ឋកិច្ចតាមរបែបផែនចិន បានផ្តល់ជាបទពិសោធន៍ដល់ប្រទេសនានាយល់ពី ប្រទេសចិន ដែលបានធ្វើឲ្យប្រាកដថា មិនមានចំណុចខ្សោយ ភាពចន្លោះប្រហោងបំបាត់ ឧបសគ្គលាក់កំបាំង នៅក្នុងកិច្ចការសន្ដិសុខសាធារណៈនោះទេ រដ្ឋាភិបាលចិនតែងយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ ចំណុចទន់ខ្សោយ ហើយលើកកម្ពស់កម្រិតសន្តិសុខសាធារណៈ ដោយពិភពលោកបានសង្កេតឃើញពីវិជ្ជមានភាពនេះ តាមរយៈការថែទាំដល់កុមារ និងមនុស្សចាស់នៅផ្ទះដែលត្រូវការជំនួយ ក្នុងពេលដែលសមាជិកគ្រួសារផ្សេងទៀត បានទៅធ្វើការ នៅតាមទីក្រុង ដោយតាមរយៈយន្តការ និងចាត់វិធានការនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងសេវាកម្ម ដោយឲ្យប្រជាជនចិនរស់នៅ ដោយសុខសាន្តក្នុងគ្រួសារដ៏ធំរបស់ លទ្ធិសង្គមនិយមតាមបែបផែនចិន ហើយបើតាមរបាយការណ៍សុភមង្គលពិភពលោក របស់អង្គការសហប្រជាជាតិ យើងនៅចាំបានថាកាលពីឆ្នាំ២០២៣កន្លងទៅ សន្ទស្សន៍សុភមង្គល របស់ប្រទេសចិនមាន៥,៩៧ពិន្ទុ ដែលជាប់ចំណាត់ថ្នាក់ទី៦០ក្នុងចំណោម១៤៣ប្រទេស។
នៅក្នុងបរិបទនៃការកើនឡើងសម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃបញ្ហានិងទំនាស់ក្នុងសង្គម ការធានា នូវជីវភាពរស់នៅជាមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាជន ពិតជាមានសារៈសំខាន់ណាស់។ ប្រទេសចិនតែងចាត់ទុកបញ្ហា ដែលប្រជាពលរដ្ឋចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរបំផុត ដែលអាចមើលឃើញថា មានលក្ខណៈជាបន្ទាន់ ហើយខិតខំបំពេញកិច្ចការ របស់ខ្លួនលើកកម្ពស់សុខុមាលភាពកាន់តែមានគោលដៅ ប្រសិទ្ធភាព និងនិរន្តរភាពច្រើនជាងមុនផងដែរ។ ខណៈពេល ដែលប្រទេសចិន នៅតែបន្តកំណែទម្រង់រចនាសម្ព័ន្ធខាងផ្នែកផ្គត់ផ្គង់ រួមជាមួយភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត បុគ្គលិកមួយចំនួននឹងត្រូវបញ្ឈប់ការងារ ហើយដូច្នេះរដ្ឋាភិបាលចិនតែងផ្តោតលើការបង្កើតការងារបន្ថែម អនុវត្ត និងកែលម្អវិធានការផ្តល់ ជំនួយជួយប្រជាជនស្វែងរកការងារធ្វើ ដែលធានានូវជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន។
ជារួម ប្រទេសចិនក្នុងរយៈពេល៧៥នេះនៃការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនតែងយល់ឃើញថា <<ឱកាសកម្រនឹងកើតឡើង ពិបាកនឹងចាប់យក ហើយងាយនឹងបាត់បង់>> ដូច្នេះប្រទេសចិនតែងផ្តួចផ្តើម នូវគំនិតនិងប្រាជ្ញានានារបស់ខ្លួន ដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់យកបាន នូវឱកាសដ៏កម្រដែលផ្តល់ដោយ សេដ្ឋកិច្ចសកលភាវូបនីយកម្មដើម្បីភាពធន់ នៃសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដើម្បីសុខុមាលភាពសាធារណៈរបស់ប្រជាជនចិន ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនក៏នឹងផ្តល់ កាលានុវត្តភាពដល់សេដ្ឋកិច្ចសកល និងមនុស្សជាតិវិញផងដែរ ជាក់ស្តែងប្រទេសជាច្រើន នៅក្នុងពិភពលោកបាននិងកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ ឬការអញ្ជើញមកដល់របស់វិនិយោគិនចិន មកបណ្តាក់ទុននៅក្នុងប្រទេសរបស់ខ្លួន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន