មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រដ្ឋគ្រោងបញ្ចេញថវិកាជិត៣០លានដុល្លារ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្សក្រីក្រប្រមាណ ៤៥ម៉ឺននាក់ នៅទូទាំងប្រទេស (Video inside)

Posted By: RoogRog Robot | 23-Dec-2024 11:29:02

2024-12-23 11:25am

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥តទៅ រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិកគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ២, បើតាមការប៉ាន់ស្មានដំបូងមានប្រមាណ ៤៥ម៉ឺននាក់នៅទូទាំងប្រទេស។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋមកពីគ្រួសារក្រីក្រ កំពុងបើកប្រាក់ឧបត្ថម្ភប្រចាំខែ, នេះមានន័យថា គ្រួសារក្រីក្រ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែម ទៅតាមចំនួនសមាជិកដែលជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។

លោកបណ្ឌិត ចន ណារិទ្ធ បានអំពាវនាវដល់អាណាព្យាបាល សូមនាំកូនៗមកចុះឈ្មោះចូលកម្មវិធីនេះឱ្យបានរួសរាន់ ដើម្បីអាចទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។

សូមជម្រាបថា ការលើកឡើងរបស់លោកបណ្ឌិត គឺបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០២៤នេះ នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អំឡុងបេសសកម្ម ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅ ចូលកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាលនេះ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ពីថ្នាក់ទី១ ដល់ទី១២ ដោយទី១ ដល់ទៅ៩ បានម្នាក់ ២ម៉ឺនរៀល និងថ្នាក់ទី១០ ដល់ទៅ១២ បាន៣ម៉ឺន ក្នុង១ខែ។ សម្រាប់ចប់វិទ្យាល័យហើយ បើគាត់ក្រីក្រមានបណ្ណក្រីក្រ ឬមានបណ្ណគ្រួសារងាយរងហានិភ័យ នោះគាត់នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនបង់ថ្លៃលើជំនាញវិជ្ជាជីវៈនានា ជាមួយប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ប្រចាំខែទៀតផង។ ដែលបច្ចុប្បន្នក្រសួងការងារកំពុងអនុវត្តការងារនេះ ដែលផ្នែកមួយ នៃប្រព័ន្ធគាំពារសង្គមដូចគ្នា៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...