(ប៉េកាំង)៖ តំបន់ផលិតស្លឹកតែរបស់ចិនបានគ្រប់ដណ្តប់លើស្រុក និងទីក្រុងចំនួនរាប់ពាន់ក្នុងខេត្តនិងតំបន់ចំនួន២០ ដើមតែមួយចំនួនលូតលាស់នៅទីខ្ពង់រាប ដែលរយៈកំពស់ ២៦០០ម៉ែត្រ ដើមតែខ្លះលូតលាស់នៅកន្លែង ដែលរយៈកំពស់ ត្រឹមរាប់សិបម៉ែត្រប៉ុណ្ណោះ។ នៅប្រទេសចិន ចម្ការតែដែលមានទេសភាពស្អាតៗ កំពុងក្លាយជាគោលដៅទេសចរ ដែលបានទាក់ទាញ អ្នកទេសចរ កាន់តែច្រើនឡើងៗទៅដើរលេងផង រកទិញផលិតផលស្លឹកតែ ដែលប្រកបដោយ ភាពច្នៃប្រឌិតផង បានចូលលេងហាងលក់តែ ឈ្វេងយល់ពីវប្បធម៌តែ ហើយចាប់អារម្មណ៍លើបម្រែបម្រួលថ្មី នៃសួនតែ ដែលបានបន្តជំរុញ ការអភិវឌ្ឍចម្រុះ នៃឧស្សាហកម្មស្លឹកតែចិនដោយឥតឈប់ឈរ។
* ចម្ការតែ ទេសចរណ៍ ស្លឹកតែក្លាយជាស្លឹកជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករ
ការអភិវឌ្ឍដោយរួមបញ្ចូលរវាងចម្ការតែនិងទេសចរណ៍ គឺ ធ្វើឱ្យចម្ការតែក្លាយជាឧទ្យានទេសចរ ភ្នំដាំតែទេសភាពមានស្រស់ស្អាត ដែលមានតម្លៃសេដ្ឋកិច្ចផង និងតម្លៃអេកូឡូស៊ីផង។ ឥឡូវនេះការអភិវឌ្ឍចម្រុះរវាងការផលិតស្លឹកតែនិងវិស័យទេសចរ ជានិន្នាការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រទេសចិន។ ចម្ការតែប្រែជាសួនកម្សាន្ដ តំបន់ផលិតស្លឹកតែក្លាយជាតំបន់ទេសចរ ខណៈភ្នំតែបានក្លាយជាភ្នំមាស។ នៅភាគនិរតីប្រទេសចិន លក្ខណៈពិសេសនៃធម្មជាតិនិងវប្បធម៌ជនជាតិភាគតិច បានជួយឱ្យកសិករទីនោះអភិវឌ្ឍ កាន់តែខ្លាំងឡើងៗ តាមរយៈការធ្វើទេសចរ ដើរលេងកម្សាន្ត ទេសចរចុះកម្មសិក្សាសម្រាប់ សិស្សានុសិស្ស ដែលផ្តោតលើប្រធានបទតែ បានធ្វើឱ្យផ្ទះក្នុងជនបទលែងទុកចោល ហើយកសិករបង្កើនប្រាក់ចំណូល ភូមិឃុំទទួលបានការអភិវឌ្ឍ និងជួយលើកកម្ពស់ឧស្សាហកម្ម។
ការអភិវឌ្ឍចម្រុះបានធ្វើឱ្យស្លឹកតែក្លាយជាស្លឹក ជួយបង្កើនទ្រព្យសម្បត្តិរបស់កសិករចិន តំបន់ផលិតស្លឹកតែចំនួន កាន់តែច្រើនរបស់ចិន មានអនាគតកាន់តែល្អបវរ។ ឧទាហរណ៍មួយទៀត ទីក្រុងឆុងឈីងបានរៀបចំសកម្មភាពផ្សព្វផ្សាយ ម៉ាកយីហោស្លឹកតែ បានធ្វើសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផ្នែកវប្បធម៌តែ និងប្រកួតគុណភាពស្លឹកតែ ដើម្បីទាក់ទាញអតិថជន ដើរចូលក្នុងសួនតែ ផ្ទៃដីដាំដុះតែក្នុងខណ្ឌមួយនៃក្រុងឆុងឈីង បានលើសពី៧៣០០ហិកតា ចំណែកតម្លៃផលិតប្រចាំឆ្នាំនៃឧស្សាហកម្មស្លឹកតែប្រហែល ១១០០លានយាន់ប្រាក់ចិន។ ឧទាហរណ៍មួយទៀត ស្រុក ជីនចៃ ខេត្តអានហួយ ឥឡូវកំពុងខិតខំកសាងឧទ្យានស្លឹកតែរបស់ខ្លួន ដែលអាចផ្តល់សេវាកម្សាន្តមួយកញ្ចប់ ជូនចំពោះភ្ញៀវទេសចរ ដូចជា ប៉េះស្លឹកតែ ឆាស្លឹកតែ ទស្សនាសិល្បៈឆុងតែបែបប្រពៃណីចិនជាដើម ឧស្សាហកម្មតែបានក្លាយជាឧស្សាហកម្មសសរស្ដម្ភ និងជាឧស្សាហកម្មបៃតងពិសេសរបស់កសិករក្នុងតំបន់ភ្នំនៅទីនោះ។
* តើផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ចិនមានអ្វីខ្លះ?
តែមិនត្រឹមជាស្លឹក មានក្លិនឈ្ងុយប្រហើរប៉ុណ្ណោះទេ វាអាចក្លាយជាផលិតផលច្នៃប្រឌិតថ្មីប្រភេទខុសគ្នា ដែលសមស្របនឹង តម្រូវការខុសគ្នារបស់អតិថជន។ ប៉ុន្មានឆ្នាំកន្លងមក កន្លែងផលិតស្លឹកតែជាច្រើនរបស់ចិន បានផ្តោតលើការអភិវឌ្ឍ “ឧស្សាហកម្មតែបូក ” ស្របពេលតែមួយ ពោលគឺស្វែងរកមធ្យោបាយប្រើប្រាស់ស្លឹកតែ ឱ្យកាន់តែច្រើនបែប ដូចជាផលិតភេសជ្ជៈតែរស់ជាតិថ្មី ធ្វើនំស្លឹកតែ ធ្វើមុខម្ហូបស្លឹកតែ របស់របរប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើពីស្លឹកតែជាដើម អត្រាប្រើប្រាស់ធនធានស្លឹកតែបានកើនឡើងជាបន្តបន្ទាប់។
ដែលបានធ្វើឱ្យផលិតផលស្លឹកតែកាន់តែច្រើនប្រភេទ ត្រូវបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ប្រភេទផលិតផលស្លឹកតែថ្មីដែលពេញនិយមមានដូចជា៖ ស្រាបៀរធ្វើពីស្លឹកតែ បង្អែមទឹកសណ្តែកនិងទឹកតែ ផលិតផលថែទាំស្បែកនិងសម្រស់ធ្វើពីពន្លកតែ ចាហួយតែ ទឹកក្រឡុករស់ជាតិថ្មីដែលលាយស្រារ៉ុមជាមួយទឹកតែជាដើម ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវជនចិន យុវជនចិនចំនួនកាន់តែច្រើនបានស្គាល់ឈ្មោះល្បី នៃចម្ការតែនៅតាមកន្លែងផ្សេងៗ និងធ្វើឱ្យពួកគេបានចាប់ផ្តើមដំណើរទេសចរពិសេស នៅសួនតែ។
នៅប្រទេសចិន ហាងតែបែបប្រពៃណីកាលពីបុរាណគឺស្ថិតនៅកន្លែងមិនសូរអ៊ូរអរ ប៉ុន្តែសព្វថ្ងៃនេះ អ្នកធ្វើអាជីវកម្មបើកហាងតែ នៅក្នុងផ្សារទំនើប និងក្នុងរង្វង់ពាណិជ្ជកម្ម ដែលមានមនុស្សចេញចូលច្រើនកុះករ ភ្ញៀវអាចរកផឹកទិញតែច្រើនប្រភេទបានឆាប់ៗ ការតុបតែងហាងតាមលក្ខណៈវប្បធម៌ប្រពៃណីចិន ដែលមើលទៅត្រជាក់ចិត្តផងទាន់សម័យផង ដូច្នេះបានទាក់ទាញអតិថិជន កាន់តែច្រើនឡើងៗ ឧស្សាហកម្មស្លឹកតែប្រទេសចិនអភិវឌ្ឍបែបចម្រុះ ពោលគឺ ឈរលើលក្ខណៈពិសេស នៃតំបន់ផលិតស្លឹកតែខុសគ្នា ផ្សារភ្ជាប់នឹងគម្រោងអភិវឌ្ឍជនបទពិសេសផង ផ្តល់នូវកម្មវិធីទេសចរតាមតម្រូវការរបស់ភ្ញៀវ , គាំទ្រសហគ្រាសផលិតស្លឹកតែល្បីល្បាញ កសាងសួនឧស្សាហកម្មតែរបស់ខ្លួន ដែលទាក់ទាញអតិថជនមកធ្វើទេសចរ និងជាស្លាកផ្សព្វផ្សាយពាណិជ្ជកម្មនៃសហគ្រាសផង ក្រៅពីនេះបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យា AI ក៏ត្រូវបានយកមកប្រើប្រាស់ ក្នុងការអភិវឌ្ឍឧស្សាហកម្មតែផងដែរ។
សូមជម្រាបថា រយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទំហំទីផ្សារអ្នកប្រើប្រាស់ភេសជ្ជៈតែ របស់ប្រទេសចិនបន្តកើនឡើង ជាពិសេសទំហំទីផ្សារភេសជ្ជៈតែរស់ជាតិថ្មី តាមការប៉ានប្រមាណ ដល់ឆ្នាំ២០២៥ នឹងឡើងដល់ទំហំ ១៥ ម៉ឺនលានយាន់ប្រាក់ចិន។ ទីផ្សារអ្នកប្រើប្រាស់នៅចិនស្តារឡើងវិញជាបន្តបន្ទាប់ ខណៈពេលដែលទិដ្ឋភាព នៃការប្រើប្រាស់កាន់តែសម្បូរបែប សេដ្ឋកិច្ចចិនបាននិងកំពុងបង្ហាញ នូវភាពរស់រវើកនិងភាពធន់ខ្លាំង។ កាលពីពាក់កណ្តាលខែធ្នូ មជ្ឈិមបក្សកាន់អំណាចចិន បានកំណត់ថា ការងារសេដ្ឋកិច្ចចិនឆ្នាំ២០២៥ នឹងផ្តោតលើការអភិវឌ្ឍ កម្លាំងផលិតកម្មគុណភាពថ្មី ដោយផ្អែកលើ ការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជំរុញឱ្យបច្ចេកវិទ្យានិងឧស្សាហកម្មអភិវឌ្ឍរួមបញ្ចូលគ្នា។ ការអភិវឌ្ឍចម្រុះនៃឧស្សាហកម្មស្លឹកតែ អាចឱ្យយើងនឹងឈ្វេងយល់ចំពោះការអភិវឌ្ឍរួមបញ្ចូលគ្នា នៃឧស្សាហកម្មប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន