មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ ស្រ្តីនៅក្នុងសហគមន៍ដែលមានប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ ត្រូវបានរងផលប៉ះពាល់មិនសមាមាត្រដោយសារតែកត្តាសង្គម និងសេដ្ឋកិច្ច

Posted By: RoogRog Robot | 23-Dec-2024 16:45:09

2024-12-23 04:42pm

(សៀមរាប)៖ លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ស្រ្តីនៅក្នុងសហគមន៍ដែលមានប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ ត្រូវបានរងផលប៉ះពាល់មិនសមាមាត្រ ដោយសារតែកត្តាសង្គម និងសេដ្ឋកិច្ចដែលបង្កើនភាពងាយរងគ្រោះកាន់តែខ្លាំង។ ជាពិសេស ស្ត្រីច្រើនជាងបុរស រស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ ដែលកំណត់លទ្ធភាពរបស់ស្ត្រី ក្នុងការទទួលបាន លំនៅដ្ឋានដែលមានភាពធន់ ទឹកសុវត្ថិភាព និងអនាម័យក្នុងប្រទេសកម្ពុជា។

ថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី នៅក្នុងបើកសិក្ខាសាលាបិទគម្រោង ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ <<ការពង្រឹងសមត្ថភាពបន្សំ នឹងភាពធន់របស់ស្ត្រី ក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់>> នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងលោក លូ ឈីជឺ (Lu QiZhi) ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និងលោកស្រី ត្រឡុង បញ្ញារត្ន័ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធ នៅកម្ពុជា ឡាវ ប្រទេសថៃ។

លោកស្រីបន្តថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវឱកាសដ៏មានតម្លៃមួយ ដើម្បីចែករំលែកអំពីឧត្តមានុវត្តន៍ ដោយចងក្រងឯកសារ និងគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ និងការអនុវត្តដែលទទួលបានជោគជ័យ ដែលអាចយកទៅអនុវត្តបាន ទៅក្នុងគំនិតផ្តួចផ្តើមផ្សេងៗទៀត នាពេលអនាគត។ កំណត់បញ្ហាប្រឈម និងមេរៀនបទពិសោធន៍ ដោយពិភាក្សាអំពីឧបសគ្គដែលបានជួបប្រទះ អំឡុងពេលអនុវត្ត ប្រមូលមតិយោបល់របស់អ្នកពាក់ព័ន្ធ និងដកស្រង់មេរៀនសំខាន់ៗដែល រៀបសូត្របានពីគម្រោង។ ជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធ ដោយជំរុញកិច្ចសហការ និងការសន្ទនារវាងភាគីពាក់ព័ន្ធនៃ គម្រោង រួមទាំងដៃគូក្នុងតំបន់ ដៃគូក្នុងស្រុក និងអ្នកទទួលផល។

លោកស្រីក៏បានរំលឹកអំពីសាវតារបស់គម្រោងថា ក្រសួងកិច្ចការនារី តាមរយៈមូលនិ ធិពិសេសនៃសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) របស់រដ្ឋាភិបាលចិន បានអនុវត្តនូវគម្រោងស្តីពី “ការបង្ក្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ <<ការពង្រឹងសមត្ថភាពបន្សំ និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់>> ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការសម្របសម្រួលកម្រិតស្ថាប័ន ក្នុងចំណោមរដ្ឋាភិបាល និងការបង្កើនកិច្ចសហការ និងភាពជាដៃគូ របស់ បណ្តាប្រទេសមេគង្គ-ឡានឆាង។ ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរ ឡើងនូវការបញ្ជាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ ដោយផ្តោតលើការពង្រឹងសមត្ថភាពបន្សំ និងភាពធន់របស់ស្ត្រីនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដែលគម្រោងនេះ បានដាក់ឱ្យដំណើរការជាផ្លូវការក្នុងការអនុវត្ត កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រីបន្ថែមថា គម្រោងបានផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង ប្រកបដោយផ្លែផ្កាចំនួន២ ស្តីពីការពង្រឹងសមត្ថភាពបន្សំ និងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ និងការសរសេរគម្រោងសំណើសាកល្បង។

បន្ទាប់ពីវគ្គបណ្តុះបណ្តាល គម្រោងសាកល្បងចំនួន២ ត្រូវបានបង្កើត និងអនុវត្តដោយ ជោគជ័យនៅក្នុងខេត្តកំពត ស្តីពីការពង្រឹងភាពធន់របស់សហគមន៍ តាមរយៈការបង្ក្រាបយេនឌ័រក្នុងសកម្មភាព អាកាសធាតុ ទឹកស្អាត និងអនាម័យសម្រាប់ស្ត្រីក្រីក្រនៅតាមជនបទ ដែលអនុវត្តដោយមន្ទីរកិច្ចការនារីខេត្តកំពត និងនៅខេត្តស្ទឹងត្រែង ស្តីពីគម្រោងបង្កើនភាពអង់អាចដល់ស្ត្រីនៅតាមជនបទ៖ ដំណោះស្រាយភាពធន់នឹងអាកាសធាតុ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចគ្រួសារដែលគិតគូរអំពីយេនឌ័រ ដែលអនុវត្តដោយមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង។

គម្រោងនេះ បានរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នា ការផ្លាស់ប្តូរ បទពិសោធន៍ និងការរៀនសូត្រ ជាមួយបណ្តាប្រទេសមេគង្គឡានឆាងផងដែរ។ ជាក់ស្តែង តាមរយៈកម្មវិធីទស្សនកិច្ច សិក្សា និងកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តគម្រោងសាកល្បង ដែលទើបបានបញ្ចប់ថ្មីៗ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែធ្នូ កន្លងទៅនេះ នៅខេត្តស្ទឹងត្រែង និងខេត្តកំពត ដោយមានការចូលរួមពីប្រតិភូ តំណាងមកពីប្រទេសចិន ថៃ និងប្រទេសឡាវ។

លោក លូ ឈីជឺ បានលើកឡើងថា ប្រទេសកម្ពុជា គឺជាអ្នកគាំទ្រដ៏រឹងមាំ និងជាអ្នកចូលរួមយ៉ាងសកម្មក្នុងសហប្រតិបត្តិការឡាន ឆាងមេគង្គ។ ប្រទេសចិន និងកម្ពុជា បានអនុវត្តសហប្រតិបត្តិការនេះប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌឡានឆាងមេគង្គ ដែលគ្របដណ្តប់លើវិស័យកិច្ចការនារី ធនធានទឹក ការប្រែប្រួលអាកាសធាតុ ទស្សន កិច្ចសិក្សាផ្នែកវប្បធម៌ និងវិស័យផ្សេងៗទៀត ក្រោមកិច្ចការសហការនេះ យើងសម្រេចបានសមិទ្ធិ ផលរួមសំខាន់ៗជាច្រើន។

ជាមួយនេះដែរ លោក ឌី រ៉ាដូ ក៏បានថ្លែងអំណរអគុណចំពោះថ្នាក់ដឹកនាំ និងក្រិមការងារអនុវត្តគម្រោងមេគង្គឡានឆាងរបស់ក្រសួងកិច្ចការនារី ក៏ដូចជាកិច្ចសហការយ៉ាងល្អរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលខិតខំប្រឹងប្រែងរួមចំណែកក្នុងការងារនេះរហូតទទួលបានភាពជោគជ័យ។ រដ្ឋបាលខេត្តនឹងស្វាគមន៍សហការបន្តក្នុងបេសកម្មបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ៖ ការពង្រឹងសមត្ថភាពបន្សំ នឹងភាពធន់របស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់នាពេលអនាគត៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...