(វ៉ាស៊ីនតោន)៖ ខណៈទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅតែបន្តតានតឹង ហើយគួបផ្សំជាមួយការវិលត្រឡប់មកវិញនៃ <<នយោបាយ America First>> របស់លោក ដូណាល់ ត្រាំ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងកាន់តែមានការព្រួយបារម្ភខ្លាំងឡើងពីលទ្ធភាពដែលពួកគេត្រូវបង្ខំចិត្តជ្រើសរើសយកមួយរវាងមហាអំណាចទាំង២ ស្របពេលមានការរំពឹងថាក្រោមអាណត្តិទី២នេះ លោក ត្រាំ នឹងជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ី ធ្វើការជ្រើសរើសថាតើពួកគេចង់ឈរនៅខាងអាមេរិក ឬចិន ខណៈអាមេរិកកំពុងហត់នឿយនឹងបណ្ដាប្រទេសអាស៊ីដែលនៅតែបន្តព្យាយាមរក្សាតុល្យភាព ទំនាក់ទំនង នៅចន្លោះរវាងអាមេរិក និងចិន។
រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាអាចនឹងជំរុញជាពិសេសឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ យកគំរូតាមហ្វីលីពីន និងដើរតាមសហរដ្ឋអាមេរិក ហើយ ដែលជំហរបែបនេះត្រូវបានប្រទេសជាសមាជិកអាស៊ានទាំង ៩ផ្សេងទៀត មិនចង់អនុវត្ត ឬមិនមានឆន្ទៈធ្វើតាមទេ ពីព្រោះពួកគេបារម្ភខ្លាចធ្វើឱ្យចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំនៅក្នុងតំបន់ខឹងសម្បារ។ ម្យ៉ាង សព្វថ្ងៃ ប្រទេសអាស៊ាន ដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងកម្ពុជាសុទ្ធតែមានទំនាក់ទំនងល្អជាមួយចិន។ នៅក្រោមអាណត្តិរបស់លោក ចូ បៃដិន បណ្ដាប្រទេសអាស៊ានហាក់រកាំរកូសជាមួយសហរដ្ឋអាមេរិក ដ្បិតពួកគេគិតថាលោក បៃដិន មិនបានផ្តោតគ្រប់គ្រាន់លើតំបន់អាស៊ីអាគ្នេយ៍ ហើយវាបានបង្ហាញឱ្យឃើញតាមរយៈអវត្តមានរបស់លោក បៃដិន ក្នុងកិច្ចប្រជុំអាស៊ីបូព៌ា ២ឆ្នាំជាប់ៗគ្នា។ ការយល់ឃើញបែបនេះ ឯង បាននាំឱ្យមានការស្ទង់មតិមួយដែលបង្ហាញថាបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានទំនោរងាកទៅរកចិន។
ការស្ទង់មតិធ្វើឡើងវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ចេញផ្សាយកាលពីដើមឆ្នាំ២០២៤ បានបង្ហាញថាភាគច្រើននៃអ្នកដែលត្រូវបានសម្ភាសន៍មកពីតំបន់អាស៊ីអាគ្នេយ៍ បាន ឆ្លើយថាពួកគេពេញចិត្តចិន ជាងសហរដ្ឋអាមេរិក។ ដូច្នេះដោយសារតែភ័យខា្លចថាអាចជាប់គាំងនៅចំកណ្ដាលនៃការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងប៉ាស៊ីហ្វិក អាចនឹងបោះដៃទៅរកបណ្ដាប្រទេសជា <<មហាអំណាចតំបន់>> ដើម្បីពង្រីកកាលានុវត្តភាពពាណិជ្ជកម្មរបស់ពួកគេ ក៏ដូចជាស្វែងរកប្រភពនៃវិស័យការពារជាតិចម្រុះ ទំនាក់ទំនងយុទ្ធសាស្ត្រ ទិញអាវុធ ជំនួយ និងការវិនិយោគជាដើម។ តាមពិតទៅ និន្នាការបោះដៃទៅរកមហាអំណាចតំបន់ កើតមានឡើងតាំងតែពីមុនលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីមកម្ល៉េះ ក្នុងបរិបទដែលបណ្ដា ប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងមានការសង្ស័យរឹតតែខ្លាំងពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់របស់ពួកគេ និងខណៈទីក្រុងវ៉ាស៊ីនតោនមិនមានលទ្ធភាពជាក់ស្ដែងក្នុង ការដឹកនាំរបៀបវារៈពាណិជ្ជកម្មមួយនៅក្នុងតំបន់អាស៊ី។
ក៏ប៉ុន្តែ អាណត្តិទី២របស់លោក ត្រាំ បានជំរុញឱ្យប្រទេសក្នុងតំបន់កាន់តែបោះដៃទៅរកមហាអំណាចតំបន់ ដើម្បីបញ្ចៀសស្ថានភាពត្រូវបង្ខំចិត្តជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិន និងដើម្បីបង្កើតតំបន់អាស៊ី ពហុភាគីមួយដែលអាចបង្ខំសហរដ្ឋអាមេរិក និងចិនចូលរួមក្នុងប្រព័ន្ធពហុភាគីនេះដែរ។ ក្រៅពីនេះ ប្រទេសក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អាចនឹងស្វែងរកមធ្យោបាយផ្សេង ក្នុងការទប់ស្កាត់កុំឱ្យ ជាប់ផុង ឬកៀបចំកណ្ដាលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងចិន។ តួយ៉ាង ពួកគេកំពុងពង្រឹងទំនាក់ទំនងបន្ថែមជាមួយមហាអំណាចសំខាន់ៗក្នុងតំបន់អាស៊ី ដូចជាជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា និងសហភាពអឺរ៉ុប ដែលមិនមែនជាក្រុមប្រទេសក្នុងតំបន់អាស៊ី តែមានតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់៕