(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ក្នុងនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត សូមបង្កើនការយកចិត្តទុកបន្ថែមទៀត ក្នុងការពង្រឹងសេវាសុខាភិបាលសាធារណៈ ជាពិសេសសេវាឯកជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវធ្វើការចុះពិនិត្យឱ្យបានជាប់ជាប្រចាំថ្ងៃ ស្វែងយល់ពីការបំពេញភារកិច្ចរបស់បុគ្គលិកគ្រប់ស្ថានភាពទាំងពេលថ្ងៃ និងពេលប្រចាំការពេលយប់។
ជាងនេះទៅទៀតលោកសាស្ត្រាចារ្យ សូមឲ្យមន្ត្រីទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ ជាពិសេសអ្នកខ្វះខាត និងអ្នកដាច់ស្រយោល និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើអ្នកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ មួយចំនួន ដោយត្រូវផ្តោតសំខាន់លើគុណភាពសេវាបឋម គុណភាពសេវាផ្តល់ជូន ដោយត្រូវបង្កើនគុណភាពសេវាបន្ថែមទៀត ដើម្បីទាញឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋនឹងការព្យាបាល ជាពិសេសណែនាំដល់ផ្នែកថែទាំ ត្រូវផ្តល់ការថែទាំអ្នកជំងឺលាងសម្អាតខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នូវការបែងចែកឱសថ ដល់មូលដ្ឋានសុខាភិបាល ដើម្បីធានាសមស្របតាមតំរូវការប្រើប្រាស់៕