ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី ប្តេជ្ញាចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងគាំទ្ររាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត!

Posted By: RoogRog Robot | 23-Dec-2024 21:50:48

2024-12-23 09:48pm

(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៤ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី ហៅកាត់ថា RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ប្រចាំឆ្នាំ ដើម្បីបូកសរុបនូវលទ្ធផលសកម្មភាពក្នុងឆ្នាំ២០២៤ និងផ្លាស់ប្តូរវេនប្រធានក្រុម ដែលមានអណត្តិ២ឆ្នាំម្តង ដែលក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក គី តិច ទេសរដ្ឋមន្ដ្រី ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន, លោកស្រី Karleah Fitzpatrick លេខាអនុព័ន្ធយោធាអូស្ត្រាលី តំណាងស្ថានទូតអូរស្ត្រាលីប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី លោកនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ព្រមទាំងសមាជិកក្រុម RARA ជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា ក្រុម RARA ត្រូវបាន បង្កើតឡើងនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ មានចក្ខុវិស័យ “ដើម្បីក្លាយជាសមាគមន៍ នៃអ្នកដឹកនាំដែលពោរពេញទៅដោយការគោរព និងអតីតសិក្ខាកាមដែលមានទំនាក់ទំនងល្អ ព្រមទាំងមានការចូលរួមយ៉ាងសកម្មក្នុងសង្គមជាតិ” ក្រោមការផ្តួចផ្តើមដោយ នាយទាហាន កងយោធពលខេមរភូមិន្ទ ចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាមបានបញ្ចប់ការសិក្សា ពីបណ្ឌិតសភា យោធាអូស្ត្រាលី ពីឆ្នាំ ២០០៩ រហូតដល់ឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត្រ, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្នក្រុមនេះ មានសមាជិកចំនួន ១២នាក់។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ជាប្រធានក្រុម RARA អណត្តិឆ្នាំ២០២៣-២០២៤ បានថ្លែងថា រយៈពេល២ឆ្នាំ កន្លងមកនេះក្រុម RARA បានរួមគ្នាធ្វើសកម្មភាពក្នុងការងារសង្គម ក៏ដូចជាការងារក្នុងកងយោធពលខេមរភូមិន្ទ ទទួលបានផ្លែផ្កាជាច្រើន ដែលរាល់ឱកាស និងសមិទ្ធផលរបស់ក្រុមRARA ក៏ដូចជាពលរដ្ឋទូទាំងប្រទេស កើតមានឡើងជាហូរហែរទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានមេដឹកនាំដ៏ប៉ិនប្រសព្វឈ្លៀសវាងវៃគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តើមចេញពីការយកជីវិត ធ្វើដើមទុន ស្វែងរកការរំដោះជាតិ របស់ សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសជាតិនិងប្រជាជន រួចផុតពីរបបខ្មៅងងឹតប្រល័យពូជសាសន៍ ប៉ុល ពត រហូតបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធា ខ្មែរក្រហម បង្រួបបង្រួម ខ្មែរគ្រប់ភាគីឲ្យមានការឯកភាពជាតិ មានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការការអភិវឌ្ឍឥតឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបរិបូរ ក្នុងការជួបជុំបងប្អូនសាច់ញាតិ ការរៀនសូត្រ ការគោរពជំនឿសាសនា ការប្រកបរបរចិញ្ចឹមជីវិត ការដើរកំសាន្តក្នុងនិងក្រៅប្រទេស ដោយសេរី ជាពិសេសផ្តល់ឱកាសឲ្យយុវជន បានទៅបន្តការសិក្សារហូតដល់ក្រៅប្រទេស។ ក្នុងនាមសមាជិកក្រុម RARAទាំងអស់ ប្តេជ្ញានឹងយកចំណេះជំនាញ ដែលក្រុមខ្លួនបានសិក្សានៅសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យភូមិន្ទយោធាអូស្ត្រាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្ររាល់គោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានជំហរមុតមាំ បន្តកេរតំណែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ ប្តូរផ្តាច់ និងស្មោះត្រង់ដាច់ខាត ជារៀងដរាប។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានដាក់ក្តីសង្ឃឹមទៅលើប្រធានក្រុម RARA ដែលប្តូរវេនក្នុងអណត្តិថ្មីនេះ នឹងបន្តដឹកនាំក្រុម ជម្រុញ ចក្ខុវិស័យ បេសកកម្ម និងគោលដៅក្រុម ឲ្យសម្រេចបានកាន់តែប្រសើឡើងមួយកម្រិតទៀត តាមបាវចនារបស់ក្រុម គឺ “ឆ្ពោះទៅមុខ ជានិច្ច”។

លោកឧត្តមសេនីយ៍ត្រី ផន ឫទ្ធីសក្កិ នាយករង នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ជាប្រធានក្រុម RARA ប្តូរវេន អណត្តិថ្មី បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធានក្រុមអណតិ្តចាស់ ដែលបានខិតខំប្រឹងប្រែងដឹកនាំក្រុមសម្រេចបាននូវសមិទ្ធផលជាច្រើន រយៈកាលកន្លងមក និងប្តេជ្ញាបន្តនូវសកម្មភាពរបស់ក្រុម ឱ្យកាន់តែសកម្ម និងប្រសើរឡើងមួយកម្រិតបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការភ្ញាក់ផ្អើលចំពោះបរិយាកាសនៃការរៀបចំ ប្រកបដោយវិន័យ ម៉ត់ចត់ ពិតជាធ្វើឲ្យលោកសប្បាយរីករាយដែលបានជួបជុំគ្នា និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរចំពោះការគិតគូរក្នុងការរៀបចំក្រុមអ្នកដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបណ្ឌិត្យសភាយោធាអូស្រា្តលី នេះឡើង។ លោកបានបន្តថា តាមរយៈការប្រមូលផ្តុំអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការហ្វឹតហាត់ដូចគ្នានេះ គឺបង្ករជាបរិយាកាសងាយស្រួលក្នុងការនាំមកនូវស្មារតី ទស្សនៈ និងវិជ្ជាជីវៈរួមក្នុងការបំពេញការងារ និងចូលរួមជាមួយកិច្ចការងារសង្គម។ ទន្ទឹមនឹងនេះលោកក៏បានចែករំលែកនៅទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងទស្សនៈប្រវត្តិសាស្រ្តកម្ពុជា និងអ្វីដែលកម្ពុជាបានឆ្លងកាត់ដើម្បីទុកជាមេរៀនសម្រាប់ស្វែងយល់។ លោកក៏បានលើកទឹកចិត្តឱ្យសមាជិកក្រុមRARAទាំងអស់ ខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ យកចំណេះមកបម្រើប្រទេសជាតិ និងបំពេញកិច្ចការងារប្រកបដោយការជឿជាក់ ទំនួលខុសត្រូវ និងស្មោះត្រង់ ក្នុងនាមជាអង្គភាពសន្តិសុខនៅកម្ពុជាផងដែរ៕

















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...