(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសរំលេចថា ប្រមុខរាជរដ្ឋាភិបាល បានណែនាំ និងជំរុញអាជ្ញាធរខេត្ត ដែលមានតំបន់ទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងកែច្នៃតំបន់ទាំងនោះឱ្យកាន់តែមាន សក្តានុពលបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំខិតខំប្រឹងប្រែងធ្វើយ៉ាងណា ស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ ពិសេសទាញយកចំណូលជូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដើម្បីរួមចំណែកលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
ជាក់ស្តែងលោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនប្រជានេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់កែលម្អសោភណ្ឌភាព ក្នុងសហគមន៍នេសាទចំនួន២ រួមមាន៖ សហគមន៍នេសាទត្រពាំរពៅ និងសហគមន៍នេសាទព្រែកត្នោតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។
លោកអភិបាលខេត្តកំពត បានលើកឡើងថា ការចុះមកពិនិត្យជាក់ស្តែងនៅថ្ងៃនេះ ដើម្បីរៀបចំកែលម្អសោភណ្ឌភាព និងរៀបចំតំបន់សហគមន៍ទេសចរណ៍នេះឱ្យមានអនាម័យបរិស្ថានស្អាត របៀបរៀបរយ ដោយធ្វើយ៉ាងណា បង្កើនការស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ហើយកិច្ចការទាំងនេះ ក៏មានការចូលរួមចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពតផងដែរ។
អភិបាលខេត្ត ម៉ៅ ធនិន បានរៀបចំរកទីតាំងថ្មីសម្រាប់សាងសង់លំនៅឋាន ជូនប្រជានេសាទចំនួន១៣គ្រួសារ ដែលរស់នៅលើខ្នងប្រឡាយផ្លូវទឹកចូលទៅកាន់សហគមន ដើម្បីយកប្រឡាយនោះធ្វើជាកន្លែងសម្រាប់ទេសចរណ៍ ជិះទូកលេងកម្សាន្ត និងធ្វើដំណើរចូលមកសហគមន៍តាមផ្លូវទឹកផងដែរ។
អភិបាលខេត្ត បានផ្តាំផ្ញើបងប្អូនប្រជានេសាទ អាជីវករ ត្រូវរួមសហការគ្នា ក្នុងការថែរក្សាអនាម័យបរិស្ថាន ចេះស្រឡាញ់គ្នា ពិសេសថែរក្សាធនធានធម្មជាតិ បានកាន់តែល្អប្រសើរឡើង ដោយលោកអះអាងថា កម្ពុជាក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍ ប្រមុខដឹកនាំប្រទេស ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចទាំងទ្វេ តែងតែដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ ឱ្យមានជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការប្រែកា្លយជាប្រទសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕