ប្រកាសបញ្ចូលសមាជិកថ្មីបក្សប្រជាជនកម្ពុជា ជិត ៣០០នាក់ នៅឃុំច្រនាង និងឃុំស្វាយភ្លើង ខេត្តកំពង់ធំ

Posted By: RoogRog Robot | 23-Dec-2024 17:07:08

2024-12-23 05:01pm

(កំពង់ធំ)៖ លោក វ៉ាត់ ចំរើន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំច្រនាង និងឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស និងប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៅឃុំទាំងពីរ សរុបចំនួន២៨៩នាក់(ស្រី១៤២នាក់) ។

ឆ្លៀតឱកាសនោះ លោក វ៉ាត់ ចំរើន បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកាបក្ស ឃុំច្រនាង និងឃុំស្វាយភ្លើង និងថ្លែងអំណរគុណដល់សមាជិកបក្សទាំងអស់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។ បន្ថែមលើនេះ លោកក៏បានសម្ដែងការសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលសុំចូលរួមជាសមាជិកថ្មីរបស់គណបក្សផងដែរ ។

បន្ថែមលើនេះ លោកបានផ្ដាំផ្ញើដល់សមាជិកថ្មីគណបក្សចំនួន ៤ចំណុច ត្រូវប្រកាន់ភ្ជាប់ និងយល់ដឹង ទី១-ត្រូវយល់ដឹង និងស្គាល់អ្វីទៅជាគណបក្សប្រជាជនកម្ពុជា ពិសេសយល់ដឹងអំពីនយោបាយ សមិទ្ធផល និងស្នាដៃធំៗរបស់គណបក្ស យល់ដឹងពីគោលដៅរបស់គណបក្សក្នុងការដឹកនាំប្រទេស ជាមួយនឹងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកសាងនូវសន្ដិភាព ។ ទី២-ត្រូវមានភាពស្មោះត្រង់ មានន័យថា សមាជិកទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងបក្ស ផ្ដល់សេចក្ដីទុកចិត្តឲ្យបក្ស ។

ទី៣-ត្រូវមានកតញ្ញូ និងដឹងគុណជានិច្ច ចំពោះបក្ស ដែលបានដឹកនាំប្រទេស ប្រកបដោយការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរឡើង និងទី៤-ត្រូវមានកតវេទី មានន័យថា តបស្នងសងគុណ ចំពោះបក្ស គឺការផ្ដល់នូវសន្លឹកឆ្នោតគាំទ្រដល់បក្ស និងគាំទ្រដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។

តាមរយៈការផ្ដាំផ្ញើ ៤ចំណុចខាងលើនេះ លោកសង្ឃឹមយ៉ាងមុតមាំថា ទាំងសមាជិក សមាជិកាបក្សចាស់ និងថ្មីទាំងអស់ នឹងប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ហើយខិតខំស្រលាញ់គ្នា ស្រលាញ់គណបក្ស ស្រលាញ់ថ្នាក់ដឹកនាំបក្ស និងគាំទ្រជានិច្ច ចំពោះថ្នាក់ដឹកនាំគណបក្ស ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ដែលបាននឹងកំពុងខិតខំប្រឹង ដឹកនាំប្រទេស ប្រកបដោយកិត្យានុភាពជាតិ លើឆាកអន្ដរជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

ក្រោយបញ្ចប់កម្មវិធីជួបសំណេះសំណាលខាងលើ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំច្រនាង និងឃុំស្វាយភ្លើង ក៏បានរៀបចំនូវកម្មវិធីទទួលអាហារសាមគ្គីភាព ប្រកបដោយភាពសប្បាយរីករាយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់នៃសន្ដិភាព ផងដែរ ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...