(ត្បូងឃ្មុំ)៖ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ - ២០៣១ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពីវឌ្ឍនភាពការងារសុខាភិបាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិថែទាំភ្នែកនៅកម្ពុជា អាយ ឃែរ ហ្វោនដេស្សិន (Eye Care Foundation) និងមូលនិធិហ្រេ្វដហូឡូនៅកម្ពុជា (The FRED HOLLOWS FOUNDATION) ដែលបានជួយឧបត្ថម្ភថវិកា និងបច្ចេកទេស សម្រាប់ការរៀបចំផែនទីបង្ហាញផ្លូវនេះឡើង។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរ លើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តមួយ ដែលបានចូលរួមយ៉ាងសកម្មជាមួយកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ និងកាត់បន្ថយភាពពីការភ្នែកនៅប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ គូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះ បានកំណត់នៅផែនការ និងបង្ហាញច្បាស់លាស់ អំពីការប្ដេជ្ញាចិត្តដ៏មោះមុត របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក្នុងការអនុវត្តការងារកន្លងមក និងបន្តនាពេលអនាគត ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួនដែលបានកំណត់ លើផែនទីបង្ហាញផ្លូវ ២០២៤-២០៣១ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពីការភ្នែក ខេត្តត្បូងឃ្មុំ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ លោក ហម ពិសិដ្ឋ តំណាងគម្រោង របស់មូលនិធិ អាយ ឃែរ ហ្វោនឌេស្សិន បានសម្តែងការគាំទ្រ និងអបអរសាទរ ចំពោះការដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ - ២០៣១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ព្យាបាលប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែក។
នាឱកាសនោះ លោក ម៉ាត់ ហ្គោហ្វូត បានសម្តែងការអបអរសាទរ ដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការប្រកាសដាក់ឲ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ - ២០៣១ ។
លោកបន្តថា កិច្ចការងារនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យបានចៀសផុតពីភាពពិការភ្នែក។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ បន្តយន្តការអប់រំ ផ្សព្វផ្សាយ ពីការអនាម័យ ថែទាំភ្នែក ជាប្រចាំជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកកំពស់ការយល់ដឹងអំពីសុខភាពភ្នែក, បង្កើនចំនួននិងលើកកំពស់មន្រ្តីផ្នែកសេវាថែទាំភ្នែកប្រកបដោយសមត្ថភាព ជំនាញ និង ការបេ្តជ្ញាចិត្តខ្ពស់ ក្នុងមហិច្ឆតា ពង្រីកវិសាលភាពគ្របដណ្តប់ ដើម្បីបំពេញតម្រូវការ, ពង្រីកសេវាថែទាំភ្នែក ជាពិសេសថ្នាក់ខេត្ត ស្រុក មណ្ឌលសុខភាព, បំពាក់សម្ភារៈ បរិក្ខា ឧបករណ៍ចក្ខុសាស្រ្ត សមស្របនឹងចាំបាច់, បង្កើនការផ្គត់ផ្គង់ឱសថ សម្ភារៈចក្ខុសាស្រ្ត សម្រាប់សេវាថែទាំសុខភាពភ្នែកឲ្យបានគ្រប់គ្រាន់។
បន្ថែមពីនោះ លោក ម៉ាត់ ហ្គោហ្វូត បានជំរុញឲ្យបង្កើតគណកម្មការបច្ចេកទេសសុខភាពភ្នែកថ្នាក់ខេត្ត, គ្រប់អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ បន្តសហការអនុវត្ត ដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពមួយនេះ សម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក និងសូមយកផែនទីបង្ហាញផ្លូវនេះ ទៅអនុវត្តតាមសកម្មភាព ដែលបានដាក់ចូលនេះឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
សូមជម្រាបថា បច្ចុប្បន្ននេះនៅខេត្តត្បូងឃ្មុំ មានកន្លែងដែលពិនិត្យព្យាបាលជំងឺភ្នែក ៣កន្លែងគឺ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ-ត្បូងឃ្មុំ មណ្ឌលថែទាំភ្នែក មន្ទីរពេទ្យបង្អែកមេមត់ និង មណ្ឌលថែទាំភ្នែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បន្ថែមលើនេះ មន្ទីរសុខាភិបាលខេត្ត ក៏បានត្រៀមបង្កើតថ្មីថែមទៀត នៅមន្ទីរពេទ្យបង្អែកក្រូចឆ្មារ និង អូររាំងឪ នៅឆ្នាំ ២០២៥ ខាងមុខផងដែរ៕