សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសិស្សបញ្ចប់បាក់ឌុប ត្រូវបន្តប្រឹងប្រែងរៀន ហើយកុំរវើរវាយ ទើបទទួលបានជោគជ័យ (Video inside)

Posted By: RoogRog Robot | 23-Dec-2024 11:00:46

2024-12-23 10:55am

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលទើបតែបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបន្តប្រឹងប្រែងរៀនឱ្យបានជាប់ជាប្រចាំ ហើយកុំរវើរវាយ ទើបទទួលបានជោគជ័យ។

ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<ការខិតខំ និងការសម្រេចចិត្ដរបស់យើង យើងរើសទៅណា យើងរើសធ្វើអ្វី សូមដាក់ចិត្ដឱ្យដូចយើងប្រឡងបាក់ឌុប [...] រើសជំនាញអ្វីក៏ដោយ ត្រូវខំប្រឹងរៀនឲ្យចប់>>។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់សិស្សបញ្ចប់បាក់ឌុប សូមបន្ដការប្រើប្រាស់នូវទិដ្ឋភាពវិជ្ជមាន និងការឈានទៅដល់ ព្រោះកុំភ្លេចថា បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ អ្នកឈរដោះស្រាយមុនគេបង្អស់ គឺខ្លួនឯង ខណៈឪពុក-ម្ដាយ លែងមកទៀតហើយ និងត្រូវដាក់ចិត្ដថា ខ្លួនយើង គឺជាទ្រព្យសម្រាប់គ្រួសារ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការឈានជើងដើរចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច គឺជាការសម្រេចចិត្តមួយ ក្នុងការប្រឹងប្រែងម្ចាស់ការ ក្នុងការរស់ដោយខ្លួនឯង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរជីវិតខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែង ហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។

បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។

បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១.៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។

ឆ្នាំនេះ ជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ជួប​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវ ការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។

ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពេលនៅជា​នា​យក​​​រដ្ឋ​មន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោ បានសម្រេច​ផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច។

ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេល​លោក ហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្នាំ២០១៤ មានបេក្ខជនទទួលបាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ៕


























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...