ខេត្តព្រះវិហារ ដាក់គោលដៅឈានទៅសម្រេចមហិច្ឆិតា ជាខេត្តផលិតកសិផលសេរីរាង្គ

Posted By: RoogRog Robot | 23-Dec-2024 08:44:26

2024-12-23 03:42pm

(ព្រះវិហារ)៖ មន្ទីរកសិកម្មខេត្តព្រះវិហារ បានដាក់គោលបង្កើតសហគម៍កសិកម្មឱ្យបាន ៥១សហគមន៍ ​ពោលគឺបង្កើតឱ្យបានគ្រប់​ទាំង ៥១ឃុំ-សង្កាត់នៅក្នុងខេត្ត ដើម្បីជំរុញការផលិតដំណាំកសិកម្មដែលមានគុណភាព ជាពិសេសកសិកម្មសេរីរាង្គ ​ឆ្លើយតបនឹងតម្រូវការទីផ្សារ និងឈានទៅសម្រេចមហិច្ឆិតា ជាខេត្តផលិតកសិផលសេរីរាង្គទាំងស្រុង​។

ថ្លែងក្នុងជំនួបជាមួយអ្នក​សារព័ត៌មាន ដែលរៀបចំឡើងដោយ បណ្ដាញកសិអេកូឡូស៊ី (ALiSEA)​ នាពេលថ្មីៗនេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅខេត្តព្រះវិហារមានចំនួន​៤៣ ហើយនៅក្នុងឆ្នាំនេះ នឹងបង្កើត ៥បន្ថែមទៀត និងឆ្នាំបន្តទៀតនឹងបង្កើតឱ្យបាន៥១ នៅគ្រប់​ទាំង៥១ឃុំ-សង្កាត់ នៅក្នុងខេត្តព្រះវិហារ ដើម្បីជួយជំរុញដល់កសិករ​​ផលិតដំណាំដែលមានគុណភាព និងងាយស្រួលក្នុងការប្រមូលផ្តុំនូវផលិតផលកសិកម្ម ដើម្បីមានកម្លាំងក្នុងការចរចាទីផ្សារ។

លោកបន្តថា កន្លងមក​សហគមន៍កសិកម្មទាំងនេះ ទទួលបានជោគជ័យច្រើន​ទាក់ទងនឹងការផលិតកសិកម្មសេរីរាង្គ​ ខណៈខេត្តនេះមានមហិច្ឆិតា ក្លាយទៅជាខេត្តផលិតកសិផលសេរីរាង្គទាំងស្រុង នាពេលខាងមុខ​ ខណៈបច្ចុប្បន្ននេះ ការផលិតដំណាំសេរីរាង្គនៅក្នុងខេត្តព្រះវិហារ សម្រេចបានប្រមាណជិត២០%។

លោកបានលើកឡើងថា ​នៅកម្ពុជា ខេត្តព្រះវិហា​ត្រូវបានចាត់ទុកថា ជាខេត្តឈានមុខគេ ដែលបានផលិតកសិផលសេរីរាង្គ ដែលមានផលិតដូចជា ស្រូវសេរីរាង្គ ដំឡូងសេរីរាង្គ និងស្វាយចន្ទីសេរីរាង្គ។ ហើយនាពេលខាងមុខ នឹងឈានទៅផលិតសណ្តែកដីសេរីរាង្គ រួមនឹងដំណាំផ្សេងៗទៀត ​ព្រោះថាការផលិត​កសិផល ដែលមានគុណភាពទាំងនេះ នឹងអាចប្រណាំងប្រជែង និងដណ្តើមទីផ្សារនៅក្រៅប្រទេសបាន​។

លោកបានបង្ហាញសុទិដ្ឋិនិយមថា ខេត្តនេះនឹងសម្រេចបាននូវមហិច្ឆិតានេះនៅថ្ងៃណាមួយ ខណៈដែលប្រព័ន្ធក្សេតបរិស្ថានរបស់ខេត្តព្រះវិហារក៏នៅល្អ ដែលអំណោយផលក៏ការផលិតដំណាំសេរីរាង្គ ស្របពេលដែលប្រជាកសិករ ក៏មានការយល់ដឹងពីការផលិតកសិផលសេរីរាង្គ ដោយពីមួយឆ្នាំទៅមួយឆ្នាំ កសិករដែលងាកមកផលិតកសិផលសេរីរាង្គបានកើនឡើងជាបន្តបន្ទាប់​។ ជាក់ស្តែងកាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារដែលផលិតកសិផលសេរីរាង្គមានប្រមាណតែ១០០គ្រួសារ​ ដាំដុះលើផ្ទៃដីប្រមាណ៣០០ហិកតាប៉ុណ្ណោះ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ មានកសិករប្រមាណ៥០០០​គ្រួសារ បានងាកមកផលិតកសិផលសេរីរាង្គ ​លើផ្ទៃដីជាង២ម៉ឺនហិកតា ដែលបានរួមចំណែកបង្កើនប្រាក់ចំណូលយ៉ាងច្រើនដល់កសិករ និងមានកសិករជាច្រើនទៀតទទួលផលដោយប្រយោល។

​លោកបន្ថែមថា ​ដើម្បីសម្រេចបានជាខេត្តកសិកម្មសេរីរាង្គទាំងមូល គឺត្រូវការពេលវេលាក្នុងការបណ្តុះបណ្តាលកសិករ​ ព្រោះទាល់តែប្រជាកសិករយល់ដឹងពីផលប្រយោជន៍នៃការដាំដំណាំសេរីរាង្គ​ ទើបអាចចម្រេចបាន។​​

ទន្ទឹមគ្នានេះ លោកបន្ថែម ​ការអនុវត្តបច្ចេកទេសធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ​ក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកយ៉ាងខ្លាំង ដល់ការធ្វើកសិកម្មសេរីរាង្គ ព្រោះការធ្វើកសិកម្មតាមបច្ចេកទេសថ្មីនេះ នឹងធ្វើដីកាន់តែមានគុណភាព។

បើតាមប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ​បច្ចុប្បន្ននេះ ការអនុវត្តច្ចេកទេសធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលគាំទ្រដោយគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (​​ASSET) បាននិងកំពុងអនុវត្តនៅឃុំចំនួន៣​ ក្នុងស្រុករវៀង ហើយមន្ទីរកសិកម្មនឹងបន្តជំរុញការផ្សព្វផ្សាយការធ្វើកសិកម្មតាមបច្ចេកទេសថ្មី ដល់កសិករផ្សេងទៀត ដើម្បីបង្កើនជីវជាតិដី ងាយស្រួលដល់ការផលិតកសិផលសេរីរាង្គ។

លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) នៃអង្គការ ហ្រ្គេត (GRET) នៅកម្ពុជា បានលើកឡើងដែរថា ការអនុវត្តច្ចេកទេសធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការដាំដំណាំសេរីរាង្គ ហេតុដូច្នេះហើយបានជាបណ្ដាញកសិអេកូឡូស៊ី (ALiSEA) ខិតខំជំរុញការផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពដល់សមាជិក ពីការអនុវត្តកសិអេកូឡូស៊ី ព្រោះការធ្វើកសិកម្មតាមកសិអេកូឡូស៊ី នឹងធ្វើឱ្យកសិករ កាត់បន្ថយបន្តិចម្តងៗ នូវការប្រើប្រាស់សារធាតុគីមី ជាពិសេសថ្នាំពុល និងជីគីមី។ ​ឧទាហរណ៍ ការងាកមកដាំដំណាំគម្របដី​ ដើម្បីជួយកែលម្អគុណភាពដីឡើងវិញ និងជាផ្នែកមួយក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ក៏ដូចជាជំរុញឱ្យកសិករផលិត បាននូវធាតុចូលកសិកម្មដោយខ្លួនឯង ដូចជាការផលិតជីកំប៉ុស្តិ៍ជាដើម៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...