លោក វ៉ាង វិនពីន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលពានរង្វាន់ «ពន្លឺនៃវិទ្យាស្ថានខុងជឺ» មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួននោះទេ តែក៏ជាការទទួលស្គាល់ចំពោះកិច្ចការងាររបស់វិទ្យាស្ថានខុងជឺផងដែរ (Video inside)

Posted By: RoogRog Robot | 23-Dec-2024 16:11:38

2024-12-23 04:05pm

(ភ្នំពេញ)៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងថា ការទទួលបានពានរង្វាន់ <<ពន្លឺនៃវិទ្យាស្ថានខុងជឺ>> របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច មិនតែជាកិត្តិយសផ្ទាល់ទេ ប៉ុន្តែក៏ជាការទទួលស្គាល់ចំពោះកិច្ចការងាររបស់វិទ្យាស្ថានខុងជឺផងដែរ។ លោកឯកអគ្គរដ្ឋទូត ថ្លែងបែបនេះនៅឱកាសអបអរសាទរខួប ២០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំ នៃការបង្កើត <<វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា>> នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានថ្លែងបែបនេះថា៖ <<នៅពេលថ្មីៗនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលពានរង្វាន់ <<ពន្លឺនៃវិទ្យាស្ថានខុងជឺ>> ក្នុងមហាសន្និបាទភាសាចិនពិភពលោកលើកទី២០។ នេះមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនរបស់លោកបណ្ឌិតសភាចារ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការទទួលស្គាល់ចំពោះកិច្ចការងាររបស់វិទ្យាស្ថានខុងជឺផងដែរ>>។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានបន្តថា៖ <<ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលខិតខំបំពេញបេសកកម្មការងារនៅវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូទាំងអស់ គឺជាប្រេសិតនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ។ ការលះបង់ទាំងកម្លាំង និងស្មារតី គឺជាអំពូលបំភ្លឺពន្លឺនៃចំណេះដឹង ដើម្បីដឹកនាំសិស្សឱ្យទទួលបាននូវពុទ្ធិ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការតភ្ជាប់ស្ពាននៃការផ្លាស់ប្តូរភាសា ស្ពាននៃការជឿទុកចិត្តគ្នា និងជាស្ពាននៃការរៀនសូត្រគ្នាទៅវិញទៅមក>>។

សូមជម្រាបថា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមមហាសន្និបាតភាសាចិនពិភពលោក និងទទួលបាន <<ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ>> ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និងសមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន។ ដោយមានលោក Han Zheng អនុប្រធានាធិបតីចិន ជាអធិបតីភាព និងតំណាងក្រសួងអប់រំ វិទ្យាស្ថានខុងជឺ និងគ្រឹះស្ថានអប់រំភាសាចិនតាមបណ្តាប្រទេស១៦០លើទូទាំងសកលលោក ប្រមាណ១២០០ស្ថាប័ន/គ្រឹះស្ថាន សរុបជាង២០០០នាក់។

បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឡើងទទួល <<ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ>>។ នេះមិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថានតែប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថានគឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់នៅក្នុងប្រទេសកម្ពុជានិងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន៣៤ផ្សេងទៀតលើទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់មួយនេះ។

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ទទួលបានរង្វាន់ <<វិទ្យាស្ថានខុងជឺឈានមុខទូទាំងពិភពលោក>> ចំនួន៣លើក ហើយត្រូវបានជាប់ចំណាត់ជា <<វិទ្យាស្ថានខុងជឺគំរូទូទាំងពិភពលោក>> ផងដែរ។ បើគិតមកទល់ពេលនេះ វិទ្យាស្ថានខុងជឺមានសិក្ខាកាមដែលបញ្ចប់ការសិក្សាប្រមាណ៩ម៉ឺននាក់ ហើយពួកគាត់បានក្លាយជាប្រេសិតក្នុងការជំរុញទំនាក់ទំនងកម្ពុជា-ចិន។

បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺមានទីតាំងបង្រៀនចំនួន២៥ ក្នុងនោះ មានដេប៉ាតឺម៉ង់ភាសាចិននៅគ្រឹះស្ថានឧត្តមសិក្សាចំនួន១ ថ្នាក់រៀនខុងជឺចំនួន២ និងមជ្ឈមណ្ឌលភាសាចិនចំនួន២២ ដែលមានសិក្ខាកាមប្រមាណ១៣ម៉ឺនាក់ បានចុះឈ្មោះចូលរៀន៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...