សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីទំនើបកម្មយ៉ាងក៏ដោយ កុំចោលមូលដ្ឋានគ្រឹះនៃការសិក្សាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យឱ្យសោះ ព្រោះមូលដ្ឋានគ្រឹះរឹងមាំ ទើបអាចប្រើបច្ចេកវិទ្យាមានប្រសិទ្ធភាព

Posted By: RoogRog Robot | 23-Dec-2024 11:00:46

2024-12-23 10:58am

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា ទោះបីទំនើបកម្មយ៉ាងក៏ដោយ កុំចោលមូលដ្ឋានគ្រឹះនៃការសិក្សាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យឱ្យសោះ ព្រោះទាល់តែមូលដ្ឋានគ្រឹះរឹងមាំ ទើបឈានទៅប្រើបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

សម្ដេចបវរធិបតី បានថ្លែងថា សម្ដេច សប្បាយចិត្តពេលឃើញមានការរៀបចំសំណេរភាសាខ្មែរនៅមុខ​ប្រាសាទអង្គរវត្ត មានការរៀបចំតាំងពិពណ៌សៀវភៅ ដោយមានការចូលរួមយ៉ាងកុះករ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យ។ សម្ដេច បានបន្តថា សម្ដេច បានឃើញ ឪពុកម្ដាយនាំកូនៗទៅទិញសៀវភៅ សម្ដេចសូមលើកទឹកចិត្តឱ្យរៀបចំបែបនេះកាន់តែច្រើន។

សម្ដេច បានមានប្រសាសន៍ថា កាលពី១០ ទៅ២០ឆ្នាំមុន សៀវភៅយើងមិនសូវមានទេ សូម្បីតែសៀវភៅបកប្រែជាភាសាខ្មែរក៏មិនសូវមានដែរ សៀវភៅកូនក្មេងក៏មិនសម្បូរ តែឥឡូវមានសព្វមានគ្រប់។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសូមជម្រុញឱ្យយុវជនគ្រប់ស្រទាប់រៀនអានសៀវភៅ ពីព្រោះពេលយើងអានគឺជក់ណាស់...កាលសម្ដេចនៅពីក្មេង នៅតាមសាលាមិនសូវមានសៀវភៅទេ នៅក្នុងបណ្ណាល័យមានតែ៤ ទៅ៥ក្បាល ហើយសិស្សរាប់រយនាក់ មានតែកត់ត្រាពីគ្រូយកមកទន្ទេញទេ ឥឡូវសិស្សតាំងពីថ្នាក់បឋមមកមានសៀវភៅម្នាក់មួយក្បាល។

នាឱកាសនោះដែរ សម្ដេច បានណែនាំឱ្យឪពុកម្ដាយ ត្រូវបង្រៀនកូនឱ្យរៀនអានសៀវភៅតាំងពីក្មេង ជាជាងអានតាមទូរស័ព្ទ មិនបាច់បង្ខំឱ្យគាត់អានសៀវភៅកម្រិតខ្ពស់ទេ ឱ្យគាត់អានសៀវភៅដែលគាត់ចាប់អារម្មណ៍ គំនូរជីវចល ឱ្យតែគាត់អាន។

សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ <<ការរៀនសូត្រ ការអានសៀវភៅនឹងផ្ដល់ចំណេះដឹងឱ្យយើងបន្ថែមទៀត...ការរៀនខ្លួនឯង ការស្រាវជ្រាវខ្លួនឯង ឱ្យមានទម្លាប់តាំងពីក្មេង ហើយនៅតាមសាលារៀនរបស់យើង យើងមានបណ្ណាល័យរៀបតាំងពីបឋមសិក្សាកាន់តែល្អ ហើយកន្លែងខ្លះយើងដាក់កុំព្យូទ័រ ឬLap ផ្សេងៗតិចតួច តែកុំយកវាជាគោល យកវាជាបន្ទាប់បន្សំបានហើយ ត្រូវបង្រៀនមនុស្សឱ្យសរសេរឱ្យអាន ពឹងផ្អែកនៅក្រដាសសៀវភៅឱ្យបានមែនទែន សាលាខ្លះកុំអាងតែទំនើបឈប់ដាក់បណ្ណាល័យសៀវភៅ កុំឱ្យសោះ។ សូម្បីតែប្រទេសទំនើបដូចជា បារាំង ប្រទេសផ្សេងៗទៀត ចាប់ផ្ដើមឃើញសិស្សដែលរៀនតាម Tablet នឹង កែប្រែឱ្យមករៀនតាមសៀវភៅវិញ បើទោះបីជាគាត់ឃើញថាការរៀនតាម Tablet សិស្សអាចស្រាវជ្រាវភ្លាមៗបាន ប៉ុន្តែសិស្សដែលប្រើ Tablet សម្រាប់អាន ការផ្ដោតអារម្មណ៍របស់គាត់បានតិចជាងអានតាមសៀវភៅ>>។

ជាមួយគ្នានេះ សម្ដេច បានថ្លែងបន្តថា មុននឹងឱ្យគាត់ចេះប្រើម៉ាស៊ីនគិតលេខ ត្រូវចេះគុណលេខគិតដៃដែរ ប្រយ័ត្នថ្ងៃណាមួយម៉ាស៊ីនមិនមាន ចឹងសៀវភៅក៏ដូចគ្នា​កុំចោលវិធីសាស្រ្តនេះ ទំនើបយ៉ាងម៉េចក៏ដោយកុំចោលមូលដ្ឋានឱ្យសោះ។ សម្ដេច បានប្រដូចការរៀនអានសៀវភៅទៅនឹងកងទ័ព ដោយសម្ដេច បានមានប្រសាសន៍ថា សម្រាប់កងទ័ព ទោះបីជាមាន GPS យ៉ាងម៉េចក៏ដោយ ក៏គេមិនឱ្យនាយទាហាន ពលទាហានចាប់ផ្ដើមដំបូងរៀន GPS ដែរ គេឱ្យរៀនគូសផែនទីនៅលើដី មើលផែនទីនៅលើដី វាស់និយាមការណ៍ ប្រើត្រីវិស័យ ព្រោះឧបករណ៍នេះមិនអាចមានគ្រប់កន្លែង ហើយឧបករណ៍នេះក៏អាចខូចនៅពេលណាមួយ...។

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី បានសង្ក់តធ្ងន់ថា <<ទោះបីទំនើបកម្មយ៉ាងក៏ដោយ កុំចោលមូលដ្ឋានឱ្យសោះ ព្រោះមូលដ្ឋានរឹងមាំទើបឈានទៅរកបច្ចេកវិទ្យាបាន ហើយកាន់តែមានប្រសិទ្ធភាព..នៅបឋមសិក្សា ត្រូវពង្រឹងភាសាខ្មែរ ពង្រឹងគណិតវិទ្យា ទាំងនេះគឺខ្ញុំគាំទ្រណាស់>>៕


























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...