អូស្រ្តាលី ចុះកិច្ចព្រមព្រៀងតម្លៃ ១.៤ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មនាវាមុជទឹកផលិតក្នុងស្រុក

Posted By: RoogRog Robot | 27-Jul-2024 20:08:34

2024-07-27 08:02pm

(ស៉ីដនី)៖ ប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកុងត្រារយៈពេល ៤ឆ្នាំជាមួយក្រុមហ៊ុនសាងសង់នាវាមុជទឹករបស់រដ្ឋ ASC ក្នុងទំហំទឹកប្រាក់ ២.២ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង ១.៤ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវនាវាមុជទឹក Collins-class។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកម្មការពារជាតិ លោក Pat Conroy បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា <<កុងត្រារយៈពេលវែងនេះ គឺជាផ្នែកមួយនៃការសន្យារបស់រដ្ឋាភិបាលដើម្បីរក្សាកងនាវា Collins-class ដើរដោយថាមពលម៉ាស៊ូត ឱ្យមាននៅតែមានសមត្ថភាពខ្លាំងក្លា។ កុងត្រានេះនឹងធានាបាននូវសុវត្ថិភាពការងារសម្រាប់បុគ្គលិកដែលមានជំនាញខ្ពស់ជាង ១,១០០នាក់ និងបញ្ជាក់ថាការអនុវត្តការងារនេះត្រូវតែធ្វើនៅទីក្រុង Henderson ភាគខាងលិច និងនៅទីក្រុង Osborne ភាគខាងត្បូងប្រទេសអូស្រ្តាលី។

គួរបញ្ជាក់ថា ទីក្រុង Osborne ក៏ជាកន្លែងដែលក្រុមហ៊ុនអូស្រ្តាលី ASC និងក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស BAE Systems នឹងរួមគ្នាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្ត្រាលី ក្រោមកិច្ចព្រមព្រៀង AUKUS ឆ្នាំ ២០២១ រវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...