(ពោធិ៍សាត់)៖ ក្រសួងទេសចរណ៍បាននិងកំពុងពិគ្រោះយោបល់ជាមួយភាគីរដ្ឋនិងឯកជនពាក់ព័ន្ធ លើការអនុវត្តគោលនយោបាយជាតិលើវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្នក្នុងបរិការណ៍ឌីជីថល ជាក់ស្ដែង ក្រសួងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកិច្ចការនេះជាមួយភាគីរដ្ឋនិងឯកជនពាក់ព័ន្ធ សហគមន៍មូលដ្ឋាននៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នាឱកាសនោះ លោក ហោ សារុន បានលើកឡើងពីគោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ ពោលគឺដើម្បីប្រមូលធាតុចូលក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិលើវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជួយលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅលើទំនាក់ទំនងដ៏ស្មុគ្រស្មាញ រវាងវិស័យទេសចរណ៍ និរន្តរភាព បរិយាបន្ន និងបច្ចេកវិជ្ជា។ ក្រៅពីនេះ សិក្ខាសាលានេះក៏ជាការស្វែងយល់ពីយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិតក្នុងការអនុវត្តគោលនយោបាយទេសចរណ៍ ប្រកបដោយនិរន្តរភាពក្នុងយុគសម័យឌីជីថល ដែលក្នុងនោះក៏ផ្តោតលើការកំណត់ឱកាស និងបញ្ហាប្រឈមនៃការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល អ្នកពាក់ព័ន្ធ ផ្នែកឯកជន និងសហគមន៍មូលដ្ឋាន តាមរយៈការធ្វើការរួមគ្នា ដើម្បីឈានទៅបង្កើតប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ទាំងភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទន្ទឹមនឹងការអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍គឺជាវិស័យចម្បងមួយក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសង្គម។ ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយប្រើប្រាស់សក្តានុពលដែលមានស្រាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការលើកតម្កើងតម្លៃវប្បធម៌ក៏ដូចជាសង្គមជាតិទាំងមូល ក្នុងន័យធានាបាននិរន្តរភាពយូរអង្វែង និងប្រកបដោយបរិយាបន្ន។
លោករដ្ឋលេខាធិការបានបង្ហាញការកត់សម្គាល់ថា នៅក្នុងយុគសម័យឌីជីថលនេះ បច្ចេកវិជ្ជាឌីជីថលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅលើពិភពលោកនេះ ដែលផ្តល់ផលប្រយោជន៍ប្រកបដោយគុណតម្លៃខ្ពស់ដល់វិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ប៉ុន្តែទន្ទឹមនឹងនេះ ប្រសិនបើយើងមិនបានគិតគូរឲ្យបានល្អិតល្អន់ទេ បច្ចេកវិជ្ជាឌីជីថលនេះក៏ផ្តល់ផលវិបាក និងបង្កភាពស្មុគស្មាញដល់យើងវិញផងដែរ។ ទោះជាយ៉ាងណា នៅក្នុងយុគសម័យឌីជីថលដែលកំពុងមានការវិវត្តន៍យ៉ាងឆាប់រហ័ស និងឥតឈប់ឈរនេះ ការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលប្រកបដោយភាពវៃឆ្លាត និងភាពដែលអាចគ្រប់គ្រងបាន គឺជាបច្ច័យប្រកបដោយគុណប្រយោជន៍មួយក្នុងការជំរុញឧស្សាហ៍កម្មទេសចរណ៍របស់យើងឲ្យរីកចម្រើនកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាមួយការធានាបាននូវការចូលរួមចំណែកជាវិជ្ជមានដល់បរិស្ថាន និងសហគមន៍ផងដែរ។
លោកថា វិស័យទេសចរណ៍កម្ពុជាត្រូវបានពង្រឹងភាពធន់នឹងវិបត្តិ ក៏ដូចជាស្តារនិងលើកស្ទូយឡើងវិញតាមរយៈការដាក់ចេញផែនទីចង្អុលផ្លូវច្បាស់លាស់ ដែលនាំឲ្យវិស័យនេះចាប់ផ្តើមមានស្ថានភាពល្អប្រសើរបន្តិចម្តងៗ និងរីកចម្រើននៅលើផ្លូវមួយត្រឹមត្រូវឆ្ពោះទៅសម្រេចបានលទ្ធផលដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩កើតឡើង ជាក់ស្តែងក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤.៨លាននាក់ ដែលសម្រេចបាន៩៩.៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។
វិស័យទេសចរណ៍នៅតែរក្សាបានតួនាទីសំខាន់របស់ខ្លួន ជាវិស័យអាទិភាពមួយដែលទទួលបានការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី២ មុំទី១ ចំណុចទី៥ ដែលផ្តោតលើការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំនិងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។
យ៉ាងណា សិក្ខាសាលាពិគ្រោះយោបល់នៅថ្ងៃនេះនឹងដើរតួនាទីជាវេទិកាសំខាន់មួយក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ការផ្លាស់ប្តូរ គំនិត ជាពិសេសការបង្កើតផែនការសកម្មភាព និងការទទួលយកបដិវត្តន៍ឌីជីថលក្នុងការអភិវឌ្ឍគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ឱ្យកាន់តែមាននិរន្តរភាពនិងវិបុលភាព សំដៅធានាឱ្យបាននូវនិរន្តរភាពនៃវិស័យទេសចរណ៍កម្ពុជា។
សិក្ខាសាលានេះនឹងបម្រើជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធ ការផ្លាស់ប្តូរគំនិត និងការបង្កើតផែនការសកម្មភាព ព្រមទាំងអនុញ្ញាតឱ្យយើងទទួលបានបដិវត្តឌីជីថលក្នុងការអភិវឌ្ឍខេត្តពោធិ៍សាត់ឱ្យកាន់តែមាននិរន្តរភាព និងវិបុលភាព ជាពិសេសការគ្រប់គ្រងគោលដៅ ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ឱ្តកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព សំដៅធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍។
ក្នុងឱកាសនេះ លោក ហោ សារុន សូមឱ្យវាគ្មិន និងសិក្ខាកាមទាំងអស់ពិភាក្សាឱ្យបានផុសផុលលើបញ្ហាប្រឈមនៅតាមគោលដៅទេសចរណ៍និងកាលានុវត្តភាពនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពក្នុងខេត្តពោធិ៍សាត់ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ (មុំទី២ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាបន្ន) ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការអភិវឌ្ឍទេសចរណ៍ ដោយទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌ វប្បធម៌ និងសម្បត្តិធម្មជាតិ ប្រកបដោយភាពរស់រវើក និរន្តរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ <<ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ>> ដើម្បីសម្រេចបានកំណើនទេសចរជាតិ និងអន្តរជាតិតាមការគ្រោងទុក។
លើសពីនេះទៀត សិក្ខាសាលានៅថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការចូលរួមរបស់យើងទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដូចប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាការងាររបស់យើងទាំងអស់គ្នា ស្របតាមពាក្យស្លោកថា <<ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍>> និង <<ពលរដ្ឋម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់>>៕